ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តសៀមរាប។

ខេត្តសៀមរាប៖ ព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មី ក្រោមជំនួយឥតសំណងរបស់ជប៉ុន ព្រមទាំងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ក្នុងថ្ងៃដដែលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលខេត្តសៀមរាប នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដូចជាការពង្រឹង និងពង្រីកសេវាថែទាំសុខភាព ឱ្យកាន់តែគៀកប្រជាពលរដ្ឋ ដេីម្បីធានាឱ្យបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្ត្រី និងបុគ្គលិកសុខាភិបាលត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នា ធ្វេីការដោយយកចិត្តទុកដាក់ខ្ពស់ គោរពវិន័យការងារ មានក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវគិតផលប្រយោជន៍រួម ព្រមទាំងត្រូវគោរពឋានានុក្រមការងារ មានភាពបុរេសកម្មក្នុងការបំពេញការងារ ហើយពួតដៃគ្នា ដើម្បីបម្រើប្រជាពលរដ្ឋ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមទីប្រឹក្សាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត អភិបាលរងនៃគណ:អភិបាលខេត្តសៀមរាប អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោក លោកស្រី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងក្រុមការងារបច្ចេកទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

photo_2023-08-27_20-56-53 (2) photo_2023-08-27_20-56-53 photo_2023-08-27_20-57-05 photo_2023-08-28_15-10-39 photo_2023-08-28_15-10-55 photo_2023-08-28_15-10-57