ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើក «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ»

ព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើក «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងវេទិការដ៏មានសារៈសំខាន់នេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានចុះពិនិត្យ ការតាំងពិព័រណ៍របស់ក្រសួងសុខាភិបាលដែលបានរំលេចអំពីសុខាភិបាលឌីជីថល និងនវានុវត្តន៍ដើម្បីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសលកល។ ការតាំងពិព័រណ៍នេះ ក្រសួងសុខាភិបាលបានបង្ហាញពីបច្ចុប្បន្នភាពការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាលមានដូចជា (១) អន្តរាគមន៍សុខភាពសាធារណៈតាមបែបឌីជីថល (២) បច្ចេកវិទ្យាសេវាសុខាភិបាលតាមបែបឌីជីថល និងការសិក្សាវិជ្ជាជីវៈសុខាភិបាលតាមបែបអេឡិចត្រូនិក។

១. អន្តរាគមន៍សុខភាពសាធារណៈតាមបែបឌីជីថល
– ការស្រាវជ្រាវរកជំងឺរបេង ដោយបច្ចេកវិទ្យា រក DNA របស់មេរោគរបេង និង រកជីនមេរោគបេងផ្សាំថ្នាំ ដោយ Gene-Xpert (Made in USA)
– កម្មវិធីគ្រប់គ្រងទិន្នន័យជំងឺគ្រុនចាញ់ (Malaria Information System) ដែលមានសមត្ថភាពគ្រប់គ្រងអ្នកជំងឺគ្រុនចាញ់ (ករណី) នៅពេលរកឃើញដោយការធ្វើរោគវិនិច្ឆ័យ និងបញ្ជូនទិន្នន័យទៅដល់សហគមន៍ដែលមានមន្ត្រីសុខាភិបាល អ្នកស្ម័គ្រចិត្តភូមិ ឃុំ និងទៅដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានភ្លាមៗ។
– ប្រព័ន្ធទូរស័ព្ទទាន់ហតុកាណ៍ ១១៥ ដែលអាចទទួលលេខទូរស័ព្ទហៅចូលបាន ៦០ក្នុងពេលតែមួយ
– ការចែករំលែកការអប់រំសុខភាពតាម App របស់មជ្ឈមណ្ឌលជាតិលើកម្ពស់សុខភាព
២. បច្ចេកវិទ្យាសេវាសុខាភិបាលតាមបែបឌីជីថល
– មន្ទីរពេទ្យជាតិ ជាពិសេស មន្ទីរពេទ្យកាល់ម៉ែត ដែលបានបំពាក់នូវបរិក្ខារពេទ្យទំនើបចុងក្រោយដូច CT Scan, MRI សម្ភារៈវះកាត់ ម៉ាស៊ីនថតឆ្លុះ ក្នុងផ្នែកឯកទេសគ្រប់ផ្នែក ដូចជាផ្នែកចក្ខុរោគ ផ្នែកចម្រុះបំពង់ក ផ្នែកក្រពះពោះវៀន ការស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជងឺ។
– ការបង្ហាញបច្ចេកទេសទំនើបក្នុងផ្នែក (១) ផែ្នកប្រពោធនកម្ម (២)ម៉ាស៊ីនថតឆ្លុះ និងព្យាបាលតាមសសៃឈាម (Biplane Angiography suite) (៣)បន្ទប់វះកាត់ Endoalpha ។ល។

៣. ការសិក្សាវិជ្ជាជីវៈសុខាភិបាលតាមបែបអេឡិចត្រូនិក៖ ក្រសួងសុខាភិបាលបានបង្ហាញពីការធ្វើទំនើបកម្មក្នុងការរៀន និងការបង្រៀន នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានដូចជាការប្រឡងតាមប្រព័ន្ធកុំព្យូទ័រ និងមន្ទីរពិសោធន៍អនុវត្តន៍បង្ហាញត្រាប់។

សូមជម្រាបជូនផងដែរថា ពិធីតាំងពិព័រណ៍ «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ» រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

photo_2024-03-11_13-52-58 photo_2024-03-11_13-52-59 photo_2024-03-11_13-53-01 photo_2024-03-11_13-53-03 photo_2024-03-11_13-53-05 (2) photo_2024-03-11_13-53-05 photo_2024-03-11_13-53-07