ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំប្រចាំខែនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើង និងកោតសរសើរនូវថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទូទាំងប្រទេស ជាពិសេសខេត្តមណ្ឌលគិរី ដោយបានទប់ស្កាត់សង្គ្រោះទាន់ពេលវេលា នូវបញ្ហាជំងឺពុលសាច់ឆៅទៅលើម្តាយ និងកូន ដែលមានរោគសញ្ញាឈានដល់សង្គ្រោះបន្ទាន់។

ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនទៅថ្នាក់ដឹកនាំធ្វើសេចក្តីរាយការណ៍សង្ខេបនូវការងារដែលខ្លួនទទួលបន្ទុក និងផែនការបន្ទាប់ ព្រមទាំងសមិទ្ធផលការងារដែលបានធ្វើកន្លងមក ក្នុងការពិនិត្យពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម ឬចំណុចខ្វះខាតនានា និងសំណូមពររបស់មន្រ្តីនៅតាមមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបាលដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត។

photo_2024-03-28_19-47-40 photo_2024-03-28_19-47-41 photo_2024-03-28_19-47-42 photo_2024-03-28_19-47-44 (2) photo_2024-03-28_19-47-44 photo_2024-03-28_19-47-45 photo_2024-03-28_19-47-48 photo_2024-03-28_19-47-51 photo_2024-03-28_19-47-52 photo_2024-03-28_19-47-56 photo_2024-03-28_19-48-02 photo_2024-03-28_19-48-04