ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក SANUI Kazumasa ប្រធានប្រចាំប្រទេសរបស់អង្គការ JICA ចូលជូបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក SANUI Kazumasa ប្រធានប្រចាំប្រទេសរបស់អង្គការ JICA ចូលជូបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ JICA ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាលក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណងដល់វិស័យសុខាភិបាល ដូចជាសាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត សុខភាពបន្តពូជ សុខភាពផ្លូវភេទ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាលនាពេលកន្លងមក និងបាននិងកំពុងជួយជាបន្ត ព្រមទាំងបានលើកឡើងនូវគម្រោងកម្ចីហិរញ្ញប្បទាន ការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់ ដើម្បីកាត់បន្ថយគម្លាតសេវាសុខភាពរវាងរាជធានី និងខេត្ត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគី JICA អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង និងការពង្រឹងស្ថាប័ន។

ជាការឆ្លើយតប លោក SANUI Kazumasa ប្រធានប្រចាំប្រទេសរបស់អង្គការ JICA បានថ្លែងអបអរសាទរ និងជូនពរឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសដែលឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងបានរាយការណ៍អំពីកិច្ចសហប្រតិបត្តិការដែលនឹងត្រូវអនុវត្តនាពេលខាងមុខនេះ និងបានស្នើសុំអនុសាសន៍ណែនាំបន្ថែមពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការជាបន្តទៀត។ លោកប្រធាន សន្យានឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជម្រុញការអនុម័តគម្រោងហិរញ្ញប្បទានអភិវឌ្ឍនមន្ទីរពេទ្យតំបន់ដែលបានគាំទ្រដោយរាជរដ្ឋាភិបាលរួចមកហើយ។
photo_2023-09-06_14-13-44 photo_2023-09-06_14-13-45 photo_2023-09-06_14-13-47 (2) photo_2023-09-06_14-13-47 photo_2023-09-06_14-13-49 photo_2023-09-06_14-13-54 photo_2023-09-06_14-13-55