ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ

 

នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ក្រោមការចង្អុលបង្ហាញ និងទឹកចិត្តយកចិត្តទុកដាក់លើសុខទុក្ខ និងសុខភាពប្រជាជនទូទៅ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ក្រុមគ្រូពេទ្យមួយក្រុម បានស្ម័គ្រចិត្តចុះជួយពិនិត្យនិងព្យាបាលជំងឺជូន ប្រជាពលរដ្ឋនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ដែលទីតាំងសម្រាប់ផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺនេះ គឺស្ថិតនៅក្នុងបរិវេណមជ្ឍមណ្ឌលវ័តធ័រផាក (Waterpark)។ នៅក្នុងសកម្មភាពមនុស្សធ៌មដ៏ថ្លៃថ្លានេះ គេសង្កេតឃើញមានវត្តមាន លោកអភិបាលខណ្ឌសែនសុខ លោកចៅសង្កាត់ទឹកថ្លា មន្ត្រីសុខាភិបាលមួយចំនួន និងប្រជាជនជាច្រើនកុះករ បានអញ្ជើញចូលរួមផងដែរ។

សុខភាព គឺជាកត្តាចំបង និងត្រូវតែនាំគ្នាថែរក្សាឲ្យបានល្អ ចៀសវាងនូវជំងឺដង្កាត់ផ្សេងៗ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ រស់នៅស្អាត ហូបស្អាត បរិស្ថានស្អាត មិនមានសំរាម ថ្លុកទឹកដក់ និងសំភារៈដែលមានទឹកដក់ និងព្រៃជុំវិញផ្ទះដែលជាជម្រកសត្វ មូសខ្លា ដែលជាភ្នាក់ងារបង្ករោគគ្រុនឈាម ជាពិសេសកុមារា កុមារី ចៅប្រុស ចៅស្រី របស់យើង។ ត្រូវចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរចៀសវាងនូវគ្រោះថ្នាក់ចរាចរ ដែលអត្រានៃការស្លាប់ដោយគ្រោះថ្នាក់ចរាចរខ្ពស់ជាងច្រើនណាស់ បើធៀបទៅនឹងអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ ដែលក្នុងឆ្នាំ២០១៦កន្លងទៅនេះ អ្នកស្លាប់ដោយជំងឺគ្រុនចាញ់មានតែ១នាក់ប៉ុណ្ណោះ។ នេះ ជាប្រសាសន៍លើកឡើង របស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងទៅកាន់ប្រជាពលរដ្ឋទាំងអស់ដែលបានមកទទួលសេវាសុខភាពដោយឥតគិតថ្លៃនាថ្ងៃនេះ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៀងវៃ វិស័យសុខាភិបាលមានការរីកចម្រើនជាលំដាប់ ហើយសុខភាព និងអាយុកាលនៃការរស់នៅជាមធ្យមរបស់បងប្អូនប្រជាពលរដ្ឋ គឺកាន់តែមានភាពល្អប្រសើរឡើង និងរស់នៅបានវែងជាងពេលមុនៗ។ មានសម្តេចតេជោ គឺមានការអភិវឌ្ឍន៍ប្រទេសរីកចម្រើន និងរក្សាបាននូវសុខសន្តិភាពពេញលេញ ដែលបងប្អូនអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន ធ្វើឲ្យសេដ្ឋកិច្ចសង្គម ក៏ដូចជាសេដ្ឋកិច្ចគ្រួសារមានកំណើនជាបន្តបន្ទាប់ ហើយអាចដើរលេងកំសាន្តបានគ្រប់ទីកន្លែង។ សូមបងប្អូនចូលរូមចំណែកថែរក្សាសុខសន្តិភាពឲ្យបានគង់វង់ ហើយគិតគូរពីការថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាបន្តទៀត បើមានបញ្ហាសុខភាព ត្រូវទៅប្រើប្រាស់សេវាសុខភាពនៅតាមបណ្តាមូលដ្ឋានសុខាភិបាល សាធារណៈដែលនៅជិតៗលោកអ្នក និងត្រូវជួបពិនិត្យនិងព្យាបាលជំងឺ ជាមួយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។

អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

18237748_1375904925781943_5358451079412508759_o

18278258_1375906089115160_6654181855619230980_o18358638_1375905559115213_8467671443449083744_o