នៅរសៀលថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោក
ប្រធានមន្ទីរសុខាភិបាលភិបាលខេត្តសមាជិកខេត្តត្បូងឃ្មុំ អនុប្រធានមន្ទីរសុខាភិបាលខេត្តតៃនីញ ប្រទេសវៀតណាម ប្រធាន អនុប្រធានមន្ទីរ ស្ថាប័ននានាក្នុងខេត្ត ព្រះរាជអាជ្ញារង អភិបាលរងក្រុងស្រុក ចៅសង្កាត់ទាំង៧ក្នុងក្រុងស្វាយរៀង អង្គការដៃគូ និងថ្នាក់ដឹកនាំ មន្ត្រីរាជការសុខាភិបាលគ្រប់ជាន់ថ្នាក់ សរុប ១៧០ នាក់ ។
មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានធ្វើរបាយការណ៍បូកសរុបដំណើរការសន្និបាតរយ:ពេលមួយថ្ងៃពេញ ដែលមាន កម្មវិធីគាំពារមាតា ទារក និងកុមារ កម្មវិធីជំងឺឆ្លង កម្មវិធីជំងឺមិនឆ្លង កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ។
ឯកឧត្តម ធា គ្រុយ សម្តែងនូវការកោតសរសើរដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលបានអនុវត្តការងារយ៉ាងល្អ ជាពិសេស មរណ:ភាពមាតា មានតែម្នាក់គត់ក្នុងមួយឆ្នាំ២០១៧ នេះ ។ ឯកឧត្តម បានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ ខិតខំកែលម្អគុណភាពសេវា ប្រចាំការ ២៤ម៉ោង មិនត្រូវធ្វេសប្រហែសធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺ។ ខិតខំលុបបំបាត់ឱ្យអស់នូវសេវាសុខាភិបាលខុសច្បាប់ និង ពង្រឹងគណៈវិជ្ជាជីវៈ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានប្រគល់រង្វាន់ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលមានស្នាដៃ ព្រមទាំងជូនអំណោយដល់ថ្នាក់ដឹកនាំដែលជានិវត្តជនចំនួន ១០ នាក់ផងដែរ ។
ចុងបញ្ចប់នៃសន្និបាត មន្ទីរសុខាភិបាលបានប្រារព្ធពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់នាពេលខាងមុខឆាប់ៗនេះ ៕
ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តស្វាយរៀង។