សិក្ខាសាលាបណ្ដាញអ្នកនិពន្ធរួមគ្នាសហការសិក្សាលើការត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ទៅនឹងគ្រោះអាសន្នផ្នែកសុខភាព (Join Learning Network’s Health Emergency Preparedness Collaborative Author Workshop)
September 27, 2024
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីភាព ក្នុងនាមតំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកម្មវិធីបិទវគ្គសិក្ខាសាលាបណ្ដាញអ្នកនិពន្ធរួមគ្នាសហការសិក្សាលើការត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ទៅនឹងគ្រោះអាសន្នផ្នែកសុខភាព (Join Learning Network’s Health Emergency Preparedness Collaborative Author Workshop) ដែលបានរៀបចំឡើងដោយធនាគារពិភលោក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដើម្បីចែលរំលែកបទពិសោធន៍ និងស្វែងរកចំណុចសំខាន់ៗសម្រាប់ការត្រៀមលក្ខណៈ និងឆ្លើយតបបន្ទាន់ទៅនឹងគ្រោះអាសន្នផ្នែកសុខភាព (Health Emergency Preparedness & Response ) នៅតាមបណ្តាប្រទេសក្នុងតំបន់ ព្រមទាំងក្នុងគោលបំណងដើម្បីប្រមូលផ្ដុំនូវសមាជិកបណ្ដាញអ្នកអ្នកនិពន្ធ ឫកត់ត្រាបទពិសោធន៍ និងសិក្សាលើការត្រៀមលក្ខណៈឆ្លយតបបន្ទាន់ផ្នែកសុខភាព (JLN) ដែលបានផ្ដល់អាទិភាពនិពន្ធរួមគ្នានូវផលិតផលចំណេះដឹង(knowledge products) ៣ ដំបូង ក្នុងចំណោមផលិតផលចំណេះដឹងទាំង៦ ដែលបានបង្កើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្នុងខែមេសា ឆ្នាំ ២០២៤ នៅក្នុងរដ្ឋវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក ដើម្បីសិក្សាស៊ីជម្រៅ កំណត់ព័ត៌មានលម្អិត និងសមាសធាតុសំខាន់ៗនៃផលិតផលចំណេះដឹងទាំងបីនេះ រួមជាមួយនឹងបទពិសោធន៍របស់ប្រទេសនីមួយ ដើម្បីចងក្រងជាលទ្ធផលសេចក្ដីព្រាងរួមគ្នាមួយ។
ផលិតផលចំណេះដឹងទាំង ៦ ខាងលើនេះ រួមមាន៖
១. ឧបករណ៍ ឬការណែនាំអំពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ការឆ្លើយតបបន្ទាន់ទៅនឹងគ្រោះអាសន្នផ្នែកសុខភាព
២. ការណែនាំសម្រាប់ ការតាមដានថវិកា និងការចំណាយសម្រាប់ការត្រៀមលក្ខណ: និងការឆ្លើយតបបន្ទាន់ទៅនឹងគ្រោះអាសន្នផ្នែកសុខភាព
៣. ការណែនាំជាក់ស្តែងស្តីពីការត្រៀមលក្ខណៈ និងការឆ្លើយតបបន្ទាន់ទៅនឹងគ្រោះអាសន្នផ្នែកសុខភាព ព្រមទាំងការគ្រប់គ្រងការឆ្លើយតបដោយផ្អែកលើការប្រមូលផ្ដុំ និងការវាយតម្លៃបទពិសោធន៍របស់ប្រទេស
៤. វិសាលភាព និងការណែនាំសម្រាប់ការតាមដានជំងឺឌីជីថលកម្រិតសហគមន៍
៥. គំរូអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ការឃ្លាំមើលឆ្លងព្រំដែន
៦.សៀវភៅណែនាំការអនុវត្ត ឬការណែនាំសម្រាប់ការបង្កើតប្រព័ន្ធតាមដានសុខភាពពហុវិស័យ។
សិក្ខាសាលានេះ ក៏មានការចូលរួមពីសមាជិកនៃបណ្ដាញអ្នកសិក្សា (JLN) អំពីការត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ចំពោះមហន្តរាយសុខភាព ដែលអញ្ជើញមកពី ១៥ ប្រទេសផ្សេងៗគ្នា រួមមានប្រទេសបារ៉ែន ប៊ូតាន កម្ពុជា អេត្យូពី ហ្គាណា ឥណ្ឌូណេស៊ី កេនយ៉ា លីបង់ ម៉ាឡាវី ម៉ាឡេស៊ី នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន តូហ្គោ និងប្រទេសហ្សាំប៊ីផងដែរ។