Cambodia
⬆️ 0%
New Details

Image
សកម្មភាពរបស់ក្រុមការងារចុះត្រួតពិនិត្យការងារគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
July 31, 2024

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះនៅរាជធានីភ្នំពេញដើម្បីចុះអភិបាលការងារគ្រប់គ្រងឱសថនៅតាមមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ 

 ១) អនាម័យក្នុង និងក្រៅឃ្លាំងឱសថមន្ទីរពេទ្យបង្អែក
២) ការគ្រប់គ្រងឱសថ បរិក្ខារពេទ្យ
៣) ការគ្រប់គ្រងឯកសារ
៤) ការធ្វើសារពើភ័ណ្ឌ
៥) ការរៀបចំឱ្យមានឃ្លាំងឱសថស្ថានរាយ ដាច់ចេញពីឃ្លាំងឱសថស្ថានកណ្ដាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់  និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក មន្ទីរពេទ្យបង្អែកកម្រិត (CPA1) និងមន្ទីរពេទ្យបង្អែកកម្រិត(CPA3) នៅក្នុងរាជធានីភ្នំពេញ ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារ និងត្រូវបម្រើសេវាឱ្យបានគ្រប់២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

ឃ្លាំងឱសថដែលក្រុមការងារចុះត្រួតពិនិត្យមានដូចជា៖
១) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ (CPA3) ស្ថិតនៅក្រោមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ                                                                                                                                             
២) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកច្បារអំពៅ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់    
៣) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកចតុមុខ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ  
៤) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេគង្គ  
៥) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកព្រែកព្នៅ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រែកព្នៅ    
៦) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ 
៧) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកពោធិចិនតុង  (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិសែនជ័យ និង
៨) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកដង្កោ (CPA1) ស្ថិតនៅក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7