កិច្ចប្រជុំកម្រិតបច្ចេកទេស ពិភាក្សា ឆ្លងរបាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល១០ខែ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
November 19, 2024
ទីស្តី្កការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) និងឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេស នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំកម្រិតបច្ចេកទេស ពិភាក្សា ដើម្បីឆ្លងរបាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល១០ខែ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី ពិនិត្យ ពិភាក្សា បូកសរុបការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល១០ខែ ឆ្នាំ២០២៤ ពីបណ្តាក្រសួង ស្ថាប័ន ជាសមាជិករបស់គ.ជ.ប.ជ និងលើកទិសដៅការងារឆ្នាំ២០២៥ ទៅតាមសកម្មភាពដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តជាតិ ទាំង៤ របស់ គ.ជ.ប.ជ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងក្រសួង ស្ថាប័ន អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរាជធានី-ខេត្ត តំណាងអង្គការជាដៃគូរ សរុប ៨៩រូប ស្រី២២រូប។