Cambodia
⬆️ 0%
New Details

Image
ប្រជុំពិនិត្យលទ្ធផលការតាមដាន និងវាយតម្លៃការផ្តល់សេវាជំងឺមិនឆ្លង និងដំណើរការប្រព័ន្ធកត់ត្រាទិន្នន័យវេជ្ជសាស្រ្តអេឡិចត្រូនិក(EMR)
August 02, 2024

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងតាមការណែនាំរបស់ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារទទួលខុសត្រូវការត្រួតពិនិត្យនិងតាមដាន លើការអនុវត្តន៍ការពង្រីកសេវាជំងឺមិនឆ្លងក្រោមគម្រោងលើកកម្ពស់គុណភាព និង សមធម៌សុខាភិបាលដំណាក់កាលទី២ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការប្រើប្រាស់ប្រព័ន្ធកត់ត្រាទិន្នន័យវេជ្ជសាស្រ្តអេឡិចត្រូនិក(EMR)និងការផ្តល់សេវាជំងឺមិនឆ្លង ដែលក្រុមការងារបានចុះពិនិត្យ តាមដាន និងវាយតំលៃ នៅខេត្តកំពត និង បាត់ដំបង ដែលបានដាក់ឱ្យដំណើរការសាកល្បងកន្លងមក។

សមាសភាពក្រុមការងារចូលរួមមាន មន្រ្តីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានថវិកា នៃក្រសួងសុខាភិបាល តំណាងធនាគារពិភពលោក និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ។

ក្រោយពីបានស្តាប់ បទបង្ហាញ និងរបាយការណ៍លទ្ធផល របស់នាយកដ្ឋានការពារសុខភាពមក ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីបញ្ហាក្នុងការប្រើប្រាស់ ការសាកល្បងប្រព័ន្ធកត់ត្រាទិន្នន័យវេជ្ជសាស្រ្តអេឡិចត្រូនិក(EMR)សម្រាប់ជំងឺមិនឆ្លង  ក្នុងខេត្តទាំងពីរខាងលើ និងបានពិភាក្សាយ៉ាងផុសផុលជាមួយដៃគូដើម្បីរកដំណោះស្រាយ និងរៀបចំផែនការបន្តទៀត។ 

ជាទីបញ្ចប់ យោងតាមកិច្ចពិភាក្សាក្នុងកិច្ចប្រជុំ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសរុបសន្និដ្ឋានថា ប្រព័ន្ធកត់ត្រាទិន្នន័យវេជ្ជសាស្រ្តអេឡិចត្រូនិក(EMR)សម្រាប់ជំងឺមិនឆ្លង  ត្រូវការពេលបន្ថែមទៀតក្នុងការសិក្សានិងពិនិត្យកែប្រែនូវរាល់ចំណុចខ្វះខាត ដើម្បីត្រៀមក្នុងការរៀបចំដាក់ឱ្យដំណើរការទូទាំងប្រទេសនាពេលឆាប់ៗខាងមុខនេះ។

Image 1
Image 2
Image 3