កិច្ចប្រជុំលើកទី៤ នៃគណ:កម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស
November 20, 2024
រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្ម និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចកម្ពុជា-បេឡារុស បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមកិច្ចប្រជុំលើកទី៤ នៃគណ:កម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំលើកទី៤ នៃគណ:កម្មាធិការចម្រុះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាសហប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយ ឯកឧត្តម Alexander Ogorodnikov អនុរដ្ឋមន្ត្រីទី១ ក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស ដែលជាម្ចាស់ផ្ទះ និងមានការអញ្ជើញចូលរួម ពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម សរុបចំនួន៥0រូប។
កិច្ចប្រជុំបានដំណើរការដោយរលូន និងជោគជ័យព្រមទាំងទទួលបានលទ្ធផលតាមការគ្រោងទុកដែលក្នុងនោះអង្គប្រជុំបានពិភាក្សា ផ្លាស់ប្តូរទស្សន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងវិស័យសុខាភិបាលផងដែរ ក៏ដូចជាពង្រឹងចំណងសាមគ្គីភាព មិត្តភាពនៃប្រទេសទាំង២។ ភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំគណ:កម្មាធិការចម្រុះលើកទី៤ ស្តីពីកិច្ចសហប្រត្តិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា-បេឡារុស។