Cambodia
⬆️ 0%
New Details

Image
កិច្ចប្រជុំបូកសរុបការងារ​ និងពិនិត្យវឌ្ឍនភាព ការបំពេញបេសកម្មរបស់មន្ទីរពេទ្យជាតិក្នុងការជួយពង្រឹងការងារបច្ចេកទេស និងការផ្ដល់សេវានៅមន្ទីរពេទ្យតេជោសែនកោះធំ នាពេលកន្លងមក
November 20, 2024

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំបូកសរុបការងារ​ និងពិនិត្យវឌ្ឍនភាព ការបំពេញបេសកម្មរបស់មន្ទីរពេទ្យជាតិក្នុងការជួយពង្រឹងការងារបច្ចេកទេស និងការផ្ដល់សេវានៅមន្ទីរពេទ្យតេជោសែនកោះធំ ក្នុងរយៈពេល៦ខែកន្លងមក។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ថ្នាក់ដឹកមន្ទីរសុខាភិបាលជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិទាំងអស់​ ដែលបានចូលរួមជាមួយក្រសួងសុខាភិបាលក្នុងចុះមកជួយពង្រឹងការងារបច្ចេកទេស និងបង្ហាត់បង្ហាញក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យតេជោសែនកោះធំនាពេលកន្លងមក និងថ្លែងអំណរគុណទៅដល់ដៃគូអភិវឌ្ឍន៍នានាដែលបានជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យតេជោសែនកោះធំ។

បន្ទាប់ពីមតិស្វាគមន៍ និងថ្លែងអំណរគុណរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានជូនកម្មវិធីទៅលោកប្រធានមន្ទីរពេទ្យតេជោសែនកោះធំធ្វើរបាយការណ៍បូកសរុបការងារជូនអង្គប្រជុំ និងបានជូនទៅថ្នាក់ដឹកនាំមន្ទីរពេទ្យថ្នាក់ជាតិដែលបានចូលរួម ធ្វើការរាយការណ៍ពីសកម្មភាពការងារក្នុងរយៈពេលកន្លងមកក្នុងការចុះជួយមន្ទីរពេទ្យតេជោសែនកោះធំ។បន្ទាប់ពីបង្ហាញពីរបាយការណ៍ការងាររួចមក ឯកឧត្តមរដ្ឋលេខាធិការ និងអង្គប្រជុំទាំងមូលបានពិភាក្សាគ្នាអំពីផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ ក្នុងគោលបំណងជួយពង្រឹងការងារបច្ចេកទេសនិងជំរុញមន្ទីរពេទ្យតេជោសែនកោះធំ ឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនទៅថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យតេជោសែនកោះធំទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គការដៃគូ និងអាជ្ញាធរដែនដីដែលបានខិតខំជួយផ្ដល់សេវា និងការគាំពារសេវាធ្វើឱ្យមន្ទីរពេទ្យតេជោសែនកោះធំនេះមានការរីកចម្រើននិងទទួលបាននូវការគាំទ្រកាន់តែច្រើនឡើងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងក្នុងតំបន់។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករងនិងនាយកមន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យតេជោសែនកោះធំ សរុបចំនួន ៥៤រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8