កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈលើកទី២ អាណត្តិទី៤
November 21, 2024
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាភិបាលលើកទី២ អាណត្តិថ្មីដើម្បីពិនិត្យមើលវឌ្ឍនភាព ការបម្រើសេវាសុខាភិបាលជូនប្រជាជន កត្តាប្រឈមដែលត្រូវរកដំណោះស្រាយសមស្របទាន់ពេលវេលា និងពិនិត្យ អនុម័តគំរោងអភិវឌ្ឍនានាររបស់មន្ទីរពេទ្យសម្រាប់ពេលខាងមុខទៀត។ អង្គប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដែលគ្រោងទុក និងមានការពិភាក្សាយ៉ាងផុសផុលដើម្បីរកវិធីសាស្ត្រជំរុញសន្ទុះរីកចម្រើរបស់មន្ទីរពេទ្យ។
ឯកឧត្តមសាស្ត្រាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានផ្តល់អនុសាសន៍គន្លឹះដល់អង្គប្រជុំដើម្បីឱ្យការបំពេញតួនាទីរបស់ក្រុមប្រឹក្សាភិបាលក្នុងការជួយដល់ការដឹកនាំមន្ទីរពេទ្យអោយបានរលូនរីកចម្រើន រួមចំណែកលើកកម្ពស់គុណភាព ស័ក្តិសិទ្ធិភាព និងសុវត្ថិភាពខ្ពស់ជូនដល់ប្រជាជន និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៃយើង។