ជំនួបពិភាក្សាការងារជាមួយប្រតិភូ នៃសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
November 21, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតី ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនិងសហការរី អមដោយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសជំនាញៗពីសាកលវិទ្យាល័យ UTAHនៃ សហរដ្ឋអាមេរិក ដែលមកបំពេញបេសកកម្មបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ ផ្នែកវះដោយចោះ ដល់ក្រុមវេជ្ជបណ្ឌិតឯកទេសវះកាត់ខ្មែរយើងនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរខេត្តមួយចំនួនទោត។
គួរបញ្ជាក់ផងដែរថា សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបាននិងបំពេញបេសកកម្មមនុស្សធម៌ជួយវិស័យសុខាភិបាលកម្ពុជាយើងរយៈពេលជាង ៣០ឆ្នាំមកហើយ និងកំពង់បន្តជួយតទៅទៀត ពិសេសលើការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពជំនាញដល់គ្រូពេទ្យយើងនៅនឹងកន្លែង តាមរយៈក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាញល្បីៗមកពីសាកលវិទ្យាល័យ UTAHនៃសហរដ្ឋអាមេរិក។ លើសពីនេះសមាគមបានជួយផ្នែកហេដ្ឋារច្ចនាសម្ព័នជាអាគារមន្ន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងបំពាក់ឧបករណ៍សម្ភារៈវេជ្ជសាស្តនិងយន្តការប្រតិបត្តិការងារអោយមានប្រសិទ្ធភាពថែមទៀត។
ដោយសមាគមព្រមទាំងដៃគូរសហការ បាននិងកំពង់គាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ជាមួយនឹងគំរោងថ្មីៗបន្ថែមទៀត ទើបមានជំនួបនេះឡើង ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអោយកាន់ប្រសើរ និងស្របនឹងតំរូវការរបស់ប្រជាជនកម្ពុជា។
ក្នុងជំនួបនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ដែលជាទីប្រឹក្សាក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិតឯកទេសប្រធានផ្នែក ពាក់ព័ន្ធនៃមន្ទីរពេទ្យកាល់ម៉ែតផងដែរ។