ជំនួបពិភាក្សាស្តីពីកិច្ចសហការរវាងក្រសួងសុខាភិបាល និង PATH ក្នុងការជម្រុញគំនិតផ្តួចផ្តើម និងការអនុវត្តសកម្មភាពក្នុងគម្រោងសុខភាពតែមួយ (One Health)
August 07, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានទទួលជួបលោកស្រីវេជ្ជ. Nguyen Tuyet Nga, Director of the PATH Viet Nam Country Office and Director of the South-East Asia Hub ។
លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ PATH ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃជំនួបពិភាក្សានេះ ដោយសង្កត់ធ្ងន់លើកិច្ចសហការរវាងក្រសួងសុខាភិបាល និង PATH ក្នុងការជម្រុញគំនិតផ្តួចផ្តើម និងការអនុវត្តសកម្មភាពក្នុងគម្រោងសុខភាពតែមួយ (One Health) និងគម្រោងរួមផ្សេងទៀត។
លោកស្រីវេជ្ជ. Nguyen Tuyet Nga បានជម្រាបជូន លោកជំទាវរដ្ឋលេខាធិការ អំពីទិដ្ឋភាពទូទៅនៃការរួមចំណែករបស់ PATH រួមទាំងការបញ្ចប់ការសិក្សាលទ្ធភាពគម្រោងសុខភាពតែមួយ (Feasibility Study OH4C) ដោយជោគជ័យ និងការគាំទ្រជាបន្តសម្រាប់គម្រោងសុខភាពតែមួយ (One Health) ។ លោកស្រីបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងសុខាភិបាល និងសង្ឃឹមថានឹងមានកិច្ចសហការ និងការគាំទ្របន្តទៀត។
គោលបំណងក្នុងជំនួបពិភាក្សានេះ ផ្តោតទៅលើចំណុចសំខាន់ៗដូចជា ទី១) ការពិនិត្យមើលការងាររបស់ PATH និងការគាំទ្រសម្រាប់យុទ្ធសាស្រ្តគម្រោងសុខភាពតែមួយ (One Health) ទី២) ការពិភាក្សាលើផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមទាំងការគាំទ្រមន្ទីរពិសោធន៍ និងការសម្របសម្រួលការឆ្លើយតបបន្ទាន់ និងទី៣) ការរៀបចំផែនការសម្រាប់ការចូលរួមនាពេលអនាគត និងយុទ្ធសាស្ត្រជាមួយ PATH ក្នុងការដំណើរការគម្រោង ក៏ដូចជាជាមួយដៃគូពាក់ព័ន្ធផ្សេងទៀត។
ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងផ្តល់ការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរបស់ PATH នៅកម្ពុជា ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។