ចូលរួមពិធីផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ និងកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការ ពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍
December 10, 2024
រាជធានីភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ បានដឹកនាំក្រុមការងារមកពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងនាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល អញ្ជើញ ចូលរួមព្រឹត្តិការណ៍ ចំនួន២គឺ៖
១) ពិធីផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍
២) កិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍។
កិច្ចប្រជុំទាំង២ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍ (គ.អ.ស.អ.ប.អ) ដែលមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការពិសេស អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត និងមន្ទីរផែនការរាជធានី-ខេត្ត ព្រមទាំងតំណាងអង្គការ UNFPA ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដែលរៀបចំឡើងដោយលេខាធិការដ្ឋាននៃ គ.អ.ស.អ.ប.អ ក្រសួងផែនការ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (The Cambodia Strategic Framework 2024-2030 for Implementing the International Conference on Population and Development Program of Action) ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការពិសេស គាំទ្របច្ចេកទេសដោយអង្គការ UNFPA និងបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្រេចឱ្យបាននូវគោលដៅ ចំនួន៣ ដូចខាងក្រោម៖
− បញ្ចប់តម្រូវការដែលមិនបានឆ្លើយតប អំពីព័ត៌មាន និងសេវាផែនការគ្រួសារ
− បញ្ចប់មរណភាពមាតាដែលអាចបង្ការបាន
− បញ្ចប់អំពើហឹង្សាទាក់ទងនឹងយេនឌ័រនិងផ្លូវភេទ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់នានា រួមទាំងលុបបំបាត់គ្រប់ទម្រង់ នៃការរើសអើងចំពោះស្រ្តីនិងក្មេងស្រី។
កិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍ បានស្តាប់របាយការណ៍ អំពីវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈម របស់គណៈកម្មាធិការពិសេស ដែលបានអនុវត្តន៍ក្នុង ឆ្នាំ២០២៤ ព្រមទាំងលើកទិសដៅការងារបន្ត។