កិច្ចប្រជុំពិភាក្សាកម្រិតនយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ លើកទី៥ (The 5th Cambodia-Korea ODA Integrated Policy Dialogue)
December 12, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ អមដោយ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតនយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ លើកទី៥។
កិច្ចប្រជុំពិភាក្សានេះ សហប្រធានដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី JUNG Eunyoung អគ្គនាយករង នៃការិយាល័យកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងពិនិត្យឡើងវិញនូវ ការអនុវត្តហិរញ្ញប្បទាន និងទស្សនវិស័យផ្សេងៗ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ និងពីស្ថានភាពបច្ចុប្បន្ន នៃគោលនយោបាយកិច្ចសហប្រតិបត្តិការ ODA របស់សាធារណរដ្ឋកូរ៉េ។
តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រសួងសុខាភិបាល បានទទួលគម្រោងធំជាច្រើនតាមរយៈ៖ ១) ក្រោមកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ដោយការសាងសង់មន្ទីរពេទ្យជាតិ ខេត្ត ស្រុក និង មណ្ឌលសុខាភាព ការបណ្តុះបណ្ដាលបុគ្គលិក ការបំពាក់សម្ភារៈបរិក្ខារទំនើប ជាពិសេសបានជួយពង្រឹងប្រព័ន្ធបញ្ជូនដោយការផ្ដល់នូវរថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង ២) ក្រោមកិច្ចសហប្រតិបត្តិការពីមូលនិធិសុខភាពអន្តរជាតិកូរ៉េ (KOFIH) ដែលផ្តោតទៅលើការលើកកម្ពស់សុខភាពមាតា និងទារក ការគ្រប់គ្រងជំងឺឆ្លង ជំងឺមិនឆ្លង និងបានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបម្រើដល់វិស័យសុខាភិបាល នៅតំបន់ភូមិភាគពាយព្យនៃប្រទេសកម្ពុជា និង ៣) គម្រោងហិរញ្ញប្បទានកម្ចីពីរដ្ឋាភិបាលកូរ៉េ តាមរយៈធនាគារ EDCF/ EXIM Bank ដើម្បីសាងសង់មន្ទីរពេទ្យសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ការចូលរួមចំណែកខាងលើនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសជាមិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឈានឆ្ពោះទៅដល់ការសម្រេចបាន នូវការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា នាឆ្នាំ២០៣៥ ជាពិសេស ដើម្បីសម្រេចឱ្យបានជ្រុងមួយ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ស្បាហាប់ និងរស់រវើកប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។