ការចុះត្រួតពិនិត្យ និងវាយតម្លៃសុពលភាពសំណង់អគារជំងឺទូទៅ អគារសម្ភព អគារអន្តេវាសិកដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ក្នុងមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក នៃតំបន់អភិវឌ្ឍន៍រុនតាឯក ខេត្តសៀមរាប
December 13, 2024
ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជ. យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃសុពលភាពសំណង់អគារជំងឺទូទៅ អគារសម្ភព អគារអន្តេវាសិកដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាក្នុងមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុន សែន រុនតាឯក នៃតំបន់អភិវឌ្ឍន៍រុនតាឯក។
គូរបញ្ជាក់ផងដែរថាអគារជំងឺទូទៅ អគារសម្ភព អគារអន្តេវាសិកដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាក្នុងមន្ទីរពេទ្យបង្អែកនេះ ត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់រយៈពេល ១ឆ្នាំរួចមកហើយ ដែលតម្រូវឱ្យក្រុមការងារធ្វើការពិនិត្យ និងវាយតម្លៃគុណភាពសំណង់ ក្រោយដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ ដោយជាលទ្ធផល ឯកឧត្ដមអនុរដ្ឋលេខាធិការ និងក្រុមការងារវាយតម្លៃបានធ្វើការផ្ទៀងផ្ទាត់នូវលក្ខណៈបច្ចេកទេស និងគុណភាពសំណង់មានភាពរឹងមាំ ស្របតាមសុពលភាពសំណង់ក្នុងលក្ខខណ្ឌកិច្ចសន្យា និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយនិងមានលក្ខណៈថ្មីល្អ និងបានស្នើសុំភាគីសាងសង់ រៀបចំសំយ៉ាបខាងក្រោយអគារជំងឺទូទៅ និងដាក់កម្រាលការពារទឹកភ្លៀង ព្រមទាំងបន្ថែមអំពូលភ្លើងនៅបន្ទប់សម្រាល ដើម្បីឱ្យគ្រូពេទ្យមានភាពងាយស្រួល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់ក្រុមការងារគ្រូពេទ្យ និងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យព្រមទាំងស្នើសុំឱ្យ ប្រធានមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាល ក្នុងនាមជាម្ចាស់អាគារ ត្រូវប្រើប្រាស់ដោយមានការទទួលខុសត្រូវ ព្រមទាំងយកចិត្តទុកដាក់ក្នុងការថែទាំ និងសម្អាតអនាម័យឱ្យបានស្អាត។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តែផ្តាំ និងណែនាំ ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ប្រធានមន្ទីរពេទ្យ និងមន្ត្រីក្រោមឱវាទ ត្រូវខិតខំប្រឹងប្រែង ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទី ភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងចូលរួមចំណែក ជួយថែរក្សាសោភណ្ឌភាពសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាក្នុងមន្ទីរពេទ្យនេះឱ្យមានភាពស្រស់ស្អាត និងនិរន្តភាព។
ជាចុងក្រោយ ឯកឧត្ដម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកក្នុងការត្រួតពិនិត្យ និងវាយតម្លៃសុពលភាពសំណង់ទាំងនេះ ព្រមទាំងផ្តល់ជូនមូលដ្ឋានសុខាភិបាល ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា។
ការចុះត្រួតពិនិត្យនេះ មានការចូលរួមពីតំណាងក្រុមការងារក្រសួងសុខាភិបាល តំណាងមន្ទីរសុខាភិបាលខេត្តសៀមរាប តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានមន្ទីរពេទ្យ និងតំណាងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប។