កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការគ្នាក្នុងការបង្កើតយុទ្ធសាស្ត្រនៃសុខភាពតែមួយសម្រាប់កម្ពុជា
August 08, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការគ្នាក្នុងការបង្កើតយុទ្ធសាស្ត្រនៃសុខភាពតែមួយសម្រាប់កម្ពុជា។
គោលបំណងសំខាន់នៃកិច្ចប្រជុំពិគ្រោះយោបល់គឺ៖
- វិភាគការអនុវត្តបច្ចុប្បន្ននៃ សុខភាពតែមួយ នៅកម្ពុជា
- ពិភាក្សាអំពីសមិទ្ធិផល និងបញ្ហាប្រឈមនៃយន្តការសម្របសម្រួលក្នុងប្រទេស និងកំណត់តំបន់សម្រាប់ការកែលម្អ
- ពិនិត្យមើលផែនទីបង្ហាញផ្លូវរបស់ NBW ដើម្បីជាជំនួយដល់ការបង្កើតយុទ្ធសាស្ត្រសុខភាពតែមួយ (OHS)
- ពិនិត្យ និងកែតម្រូវ នូវតំបន់យុទ្ធសាស្ត្រ និងលទ្ធផលរំពឹងទុកដែលត្រូវយកមកពិចារណាសម្រាប់ យុទ្ធសាស្ត្រសុខភាពតែមួយ
- ជំហានបន្ទាប់ និងការអនុវត្តការបញ្ចូលគ្នានៃយុទ្ធសាស្រ្តសុខភាពតែមួយ
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសុខាភិបាល តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានារួមមាន៖ អង្គការសុខភាពពិភពលោក (WHO), FAO, KfW, PATH, USCDC, World Bank, USAID, PSI, IPC និង Cambohun ។