ការពង្រឹងជាប្រចាំនិងកាន់តែប្រសើរឡើងជាលំដាប់ នូវគុណភាពនៃសេវាពិនិត្យព្យាបាល និងថែទាំគ្រប់ផ្នែក របស់មន្ទីរពេទ្យថ្នាក់ជាតិ គឺជាការងារចាំបាច់ ចំបងរបស់យើងទាំងអស់គ្នាដែលជាមន្ត្រីសុខាភិបាល!
August 08, 2024
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសមៈ បានអញ្ជើញចុះពិនិត្យផ្ទាល់វឌ្ឍនៈភាពនៃការបម្រើសេវាសុខាភិបាលគ្រប់ជំនាញ ពិសេសជំនាញវះកាត់គ្រប់ឯកទេស និងដាក់ថ្នាំសណ្តំ ជូនប្រជាជនដែលអញ្ជើញមកទទួលការព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិមួយនេះ។
ឯកឧត្តមសាស្ត្រាចារ្យក៏បានចូលរួមក្នុងអង្គប្រជុំរបាយការណ៍ពេលព្រឹករបស់គ្រូពេទ្យដែលបំពេញភារកិច្ចពីយប់កន្លងមក និងការប្រជុំពហុជំនាញ (RCP) ដើម្បីពិភាក្សារកដំណោះស្រាយដែលល្អប្រសើក្នុងការធ្វើរោគវិនិច្ឆ័យនិងកាព្យាបាលប្រកបដោយសក្ក័សិទ្ធភាពនិងសុវត្ថិភាពខ្ពស់។
ឯកឧត្តមសាស្រ្តាចារ្យប្រធានក្រុមប្រឹក្សាភិបាលបានថ្លែងកោតសសើរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រី បុគ្គលិកទាំងអស់ដែលមានសាមគ្គីភាពល្អ ចូលរួមអភិវឌ្ឍមន្ទីរពេទ្យបានយ៉ាងឆាប់រហ័ស និងក៏បានចូលរួមផ្តល់អនុសាសន៍គន្លឹះមួយចំនួនដល់ក្រុមគ្រូពេទ្យទាំងអស់ អោយខិតខំបង្កើនសមត្ថភាពបច្ចេកទេស ជំនាញ និងពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈអោយបានកាន់តែល្អប្រសើរនិងខ្ជាប់ខ្ជួនថែមទៀត ធ្វើយ៉ាងណាអោយប្រជាជនមានទំនុកចិត្តខ្ពស់លើកពេទ្យខ្មែរយើង។