Cambodia
⬆️ 0%
New Details

Image
គណៈប្រតិភូសុខាភិបាលនៃកម្ពុជា ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ឈាង រ៉ា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិន លើកទី៩ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
August 09, 2024

ទីក្រុងវៀងចន្ទន៍ ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិន លើកទី៩ ដែលមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាល ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រឡេស្តេ ជាមួយសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី៩ ធ្វើឡើងក្រោមប្រធានបទ ”ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំសុខភាព” ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងពិភាក្សាអំពីគំនិតផ្តួចផ្តើមនានាឆ្ពោះទៅរកការពង្រឹងប្រព័ន្ធសុខភាព និងការទទួលបានការថែទាំសុខភាព ព្រមទាំងដើម្បីផ្តល់អន្តរាគមន៍ជាយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងលើការពង្រឹងប្រព័ន្ធសុខភាព និងការទទួលបានការថែទាំសុខភាព រវាងប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។

ខណៈពេលដែលរដ្ឋជាសមាជិកត្រូវបានអញ្ជើញអោយផ្តល់ទស្សនទានអំពីអនាគតសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានចូលរួមចែករំលែកទស្សនទានកម្ពុជា ជូនដល់អង្ចប្រជុំ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់សុខភាពតែមួយក្នុងតំបន់ បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ការពង្រឹងប្រព័ន្ធសុខាភិបាល ការតភ្ជាប់សុខភាពមនុស្ស សត្វ និងបរិស្ថាន ការផ្លាស់ប្តូរបច្ចេកទេស និងកម្មវិធីបណ្តុះបណ្តាលស្តីពីសុខភាពមាតា និងទារក ការកំណត់គោលដៅជំងឺមិនឆ្លង សុខភាពផ្លូវចិត្ត សុខភាពមាតា និងទារក ការចាក់ថ្នាំបង្ការ និងការការពារជំងឺឆ្លង។ ឯកឧត្តមសាស្ត្រាចារ្យបានបញ្ជាក់បន្ថែមលើកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នារវាងអាស៊ាន-ចិន ដែលនឹងអាចបង្កើតបានស្ថាបត្យកម្មប្រព័ន្ធសុខាភិបាល និងប្រព័ន្ធសុខាភិបាលឌីជីថលរឹងមាំ មានភាពធន់ និងជាកត្តាជំរុញសុខភាពល្អ និងសុខុមាលភាពប្រជាជនទាំងអស់ក្នុងតំបន់។

ជាទីបញ្ចប់ អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី៩ ដែលបានផ្តោតលើ ការពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ ការរកឃើញ និងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងនដែលកំពុងកើតមាន ការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវការធានារ៉ាប់រងសុខភាពជាសកលនៅឆ្នាំ២០៣០ ការពង្រីកសក្តានុពលធ្វើបរិវត្តកម្មបច្ចេកវិទ្យាសុខាភិបាលឌីជីថល ក្នុងការកែលម្អការផ្តល់សេវាថែទាំសុខភាព រួមគ្នាកសាងប្រព័ន្ធសុខភាពដែលមានភាពធន់ ដែលមានសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសុខភាពបច្ចុប្បន្ន និងអនាគត និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព ការពង្រីកកម្លាំងពលកម្មថែទាំសុខភាព និងការកែលម្អយន្តការហិរញ្ញប្បទានសុខភាព ដើម្បីធានាបាននូវសេវាសុខភាពប្រកបដោយនិរន្តរភាព។

Image 1
Image 2
Image 3
Image 4