កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃគម្រោងសហប្រតិបត្តិការលើកកម្ពស់សេវាកាត់បន្ថយភាពពិការភ្នែកដោយសារកំហុសកំណុំរូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា
August 09, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយភាពពិការភ្នែកដោយសារកំហុសកំណុំរូបភាព ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជាសហប្រធាននៃក្រុមប្រឹក្សាភិបាល នៃគម្រោងសហប្រតិបត្តិការលើកកំពស់សេវាកំហុសកំណុំរូបភាព បានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល ដែលមានសមាសភាពចូលរួមមកពីក្រសួងសុខាភិបាល ក្រសួងអប់រំយុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ វិទ្យាស្ថានជាតិសុខភាពសាធារណៈ អង្គការCHAI មូលនិធិហ្រ្វេដហូឡូ ម្ចាស់ជំនួយUSAID និងវិស័យឯកជន ក្រុមហ៊ុន ESSILOR / VCF។
កិច្ចប្រជុំនេះបានពិភាក្សាផ្តោតការយកចិត្តទុកដាក់លើ៖
- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងនៃក្របខណ្ឌការងាររបស់ក្រុមប្រឹក្សាភិបាលនៃគម្រោងសហប្រតិបត្តិការលើកកម្ពស់សេវាកំហុសកំណុំរូបភាព
- ផ្ដួចផ្ដើមរៀបចំសេចក្ដីព្រៀងផែនការរួមថ្នាក់ជាតិស្ដីពីការងារសុខភាពភ្នែកផ្នែកកំហុសកំណុំរូបភាពបេសកកម្មពិនិត្យការងាររបស់ប្រតិភូម្ចាស់ជំនួយមកព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង បានផ្ដល់អនុសាសន៍បន្ថែមដូចខាងក្រោម៖
•ធ្វើការសហការអន្តរក្រសួង និងដៃគូរអភិវឌ្ឍន៍ ដើម្បីឱ្យការអនុវត្តគម្រោងកំហុសកំណុំរូបភាពប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផលពិសេសសុខភាពល្អសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
•សហការអន្តរក្រសួងជាមួយក្រសួងអប់រំ យុវជន និងកីឡា ធ្វើការអង្កេតឡើងវិញស្ដីពីកំហុសកំណុំរូបភាពសិស្សសាលា
•សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ធ្វើការសិក្សាស្ដីពីកត្តា រារាំងដល់ជនពិការភាពក្នុងការទួលសេវាសុខភាពភ្នែកផ្នែកកំហុសកំណុំរូបភាព
•ពិនិត្យលើគម្រោងដើម្បីពង្រីកវិសាលភាពសុខភាពភ្នែកដល់សិស្សានុសិស្ស
•ពិនិត្យលើគម្រោងដើម្បីពង្រីកវិសាលភាពសុខភាពភ្នែកបឋមនៅថ្នាក់មណ្ឌលសុខភាព។