ការចុះត្រួតពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន ១៧ ក្នុងខេត្តសៀមរាប
August 10, 2024
ខេត្តសៀមរាប៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងការណែនាំពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមវេជ្ជបណ្ឌិតនាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន ១៧ ក្នុងខេត្តសៀមរាប។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្ដល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ ដោយផ្តោតលេីចំនុចសំខាន់ៗ៖
១. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
២. ពង្រឹងសមត្ថភាពបុគ្គលិក ការគ្រប់គ្រងធនធានមនុស្ស
៣. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារៈបរិក្ខារពេទ្យ
៤. ការបំពេញការងារ ប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍
៥. ការបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវាថែទាំដល់អ្នកជំងឺ
៦. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧. ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល។
ជាចុងក្រោយឯកឧត្ដមវេជ្ជបណ្ឌិតនាង ភារិទ្ធ និងលោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុកពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រេីសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ក្នុងការចុះពិនិត្យនោះដែរក៏មានការចូលរួមសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាលខេត្តព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិដែលបានចុះទៅមណ្ឌលសុខភាពចំនួន ១៧ រួមមាន មណ្ឌលសុខភាព ស្រែណូយ ល្វាក្រាំង វ៉ារិន ស្វាយស ស្រែខ្វាវ គោល អង្គរជុំ បត់ ពោធិ៍ទ្រាយ ពង្រក្រោម ដំដែក ខ្វាវ អន្លង់សំណរ តាយ៉ែក ពង្រលេី ជីក្រែង និងកន្ទួត៕