កិច្ចប្រជុំពិភាក្សាអំពីទិសដៅនាពេលអនាគត ស្តីពីការធ្វើតេស្ត HPV ដើម្បីរកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូន
August 13, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជួយពង្រឹងគុណភាពជំងឺមហារីក បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីទិសដៅនាពេលអនាគតស្តីពីការធ្វើតេស្ត HPV ដើម្បីរកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូន។
កិច្ចប្រជុំនេះជាផ្នែកមួយនៃអន្តរាគមន៍ ដើម្បីពង្រីកអត្រាគ្របដណ្តប់នៃការពិនិត្យស្រាវជ្រាវបឋម ការធ្វើតេស្ត HPV ត្រូវបានគេដឹងថាជាឧបករណ៍ពិនិត្យដ៏មានប្រសិទ្ធភាពបំផុត។ ដើម្បីស្វែងយល់បន្ថែមអំពីប្រសិទ្ធភាព និងលទ្ធភាពនៃការធ្វើតេស្ត HPV ក្រុមការងារបានរៀបចំកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីលោកជំទាវសាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវទីប្រឹក្សា សហការី ក្រុមការងារពាក់ព័ន្ធ និងសុខាភិបាលទាំងអស់ ដែលបានចូលរួមដោយផ្ទាល់មានចំនួនសរុប ២៩នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (ZOOM) សម្រាប់ លោកគ្រូ អ្នកគ្រូដែលបម្រើការនៅមន្ទីរពេទ្យថ្នាក់ជាតិ មន្ត្រីគាំពាមាតា និងទារកបម្រើការ នៅមន្ទីរសុខាភិបាល ការិយាល័យសុខភិបាលសុ្រកប្រតិបត្តិ និងគ្រូពេទ្យផ្នែកពិនិត្យរោគស្ត្រីដែលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងអង្គការដៃគូអភិវឌ្ឍន៍សរុបចំនួនប្រមាណ២១០នាក់។
គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំមានចំនួន ០៣គឺ៖ ១) គោលបំណងនៃកិច្ចប្រជុំ ២) ការចែករំលែកបទពិសោធន៍នៃការធ្វើតេស្ត HPV៖ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យខេត្តសៀមរាប មន្ទីរពេទ្យខេត្តតាកែវ មជ្ឈមណ្ឌលសុខភាពមេត្តាករុណា និង៣) ពិភាក្សាអំពីទិសដៅអនុវត្តបន្តនាពេលអនាគតនៃការធ្វើតេស្ត HPV៖ តើការធ្វើតេស្តរកមេរោគ HPV មួយណាដែលសមស្របក្នុងប្រទេសកម្ពុជា? តើមានបញ្ហាប្រឈមអ្វីខ្លះនាពេលបច្ចុប្បន្នទាក់ទងនឹងការធ្វើតេស្តបន្ថែមដោយVIA/ Colposcopy? តើការព្យាបាលវិធីសាស្រ្តណាខ្លះសមស្របសម្រាប់ការធ្វើតេស្តរកមេរោគHPV? ការធ្វើតេស្តបន្ថែមដោយVIA/colposcopy និងការព្យាបាលមុនមហារីកនៅថ្នាក់ខេត្ត និងព្យាបាលមុនមហារីកដោយ thermal ablation/LEEP និងការបញ្ជូនស្រ្តី។
ជាកិច្ចបញ្ចប់លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់ការណែនាំ និងមតិផ្តាំផ្ញើ ដើម្បីលើកកម្ពស់តម្រូវការក្នុងពិនិត្យសុខភាព និងព្យាបាលជំងឺមហារីកមាត់ស្បូន។ លោកជំទាវ មានសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីគួរតែពន្លឿន ឬជំរុញសកម្មភាពអប់រំសុខភាព ដើម្បីបង្កើនការយល់ដឹងអំពីហានិភ័យនៃជំងឺមហារីកមាត់ស្បូន និងអត្ថប្រយោជន៍នៃការរកឃើញទាន់ពេល តាមរយៈការចូលរួមពិនិត្យរកជំងឺមហារីក និងព្យាបាលទាន់ពេល។ ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល គឺដើម្បីកាត់បន្ថយនូវអត្រាកើត និងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននៅលើស្ត្រីកម្ពុជានៅឆ្នាំ២០៣០ខាងមុខ។