កិច្ចប្រជុំពិភាក្សា ស្តីពី ការចូលរួម ភាពជាដៃគូក្នុងក្របខណ្ឌវិស័យសុខាភិបាល រវាងរដ្ឋ និងឯកជន
August 13, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ ភាពជាដៃគូក្នុងក្របខណ្ឌវិស័យសុខាភិបាល រវាងរដ្ឋ និងឯកជន បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយ លោកស្រី Courtney Tolmie តំណាង Global Financing Facility (GFF)។
កិច្ចប្រជុំនេះជាផ្នែកមួយ ដើម្បីសិក្សាស្វែងយល់ អំពី បទពិសោធន៍ និងការចែករំលែកនូវស្ថិតិ ក៏ដូចជាភស្តុតាងវិទ្យាសាស្ត្រ អំពីការអនុវត្តល្អៗ នូវភាពជាដៃគូក្នុងក្របខណ្ឌវិស័យសុខាភិបាល រវាងរដ្ឋ និងឯកជន នៅទូទាំងពិភពលោក ក៏ដូចជាក្នុងតំបន់។ កិច្ចប្រជុំគឺដើម្បីប្រមូលធាតុចូល ក៏ដូចជាចក្ខុវិស័យក្នុងការ រៀបចំក្របខណ្ឌបទប្បញ្ញត្តិគុណភាព (Quality Regulation Framework) នៃសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន និងវេទិកាសន្ទនា (Sustainable and Effective Dialogue Platform) រវាងសេវារដ្ឋឯកជន ប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួម ពីឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការ និងលោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយិការងបច្ចេកទេសសុខាភិបាល ផងដែរ។
ជាកិច្ចបញ្ចប់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ GFF ដែលបានចូលរួមចំណែក និងផ្តល់ការគាំទ្រទៅលើកិច្ចការងារខាងលើដែលពិតជាចូលរួមចំណែកក្នុងការធានា នូវគុណភាពសេវាសុខាភិបាល ដោយគ្របដណ្តប់ទាំងសេវារដ្ឋ និងឯកជន ជូនប្រជាពលរដ្ឋកម្ពុជា ស្របតាម យុទ្ធសាស្ត្រសុខាភិបាលជាតិ ក៏ដូចជាបានអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។