Cambodia
⬆️ 0%
New Details

Image
កិច្ចប្រជុំជាមួយប្រតិភូមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ International Center for Antimicrobial Resistant Solution (ICARS)
August 15, 2024

ទីស្តីការក្រសួងសុខាភិបាល៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការប្រឹក្សាយោបល់លើគម្រោង “កំណត់ទំហំ និងផែនទី នៃកត្តាជំរុញ និងកត្តាប្រឈមដល់ការអនុវត្តគោលការណ៍ណែនាំជាតិស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងប្រព័ន្ធសុខាភិបាលនៅកម្ពុជា” បានជួបពិភាក្សាការងារជាមួយប្រតិភូ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(ICARS)។

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ និងជាប្រធានកិច្ចប្រជុំនេះបានសង្ខេបអំពីវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅកម្ពុជា ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលសម្រេចបាននូវ៖
១.គោលការណ៍ណែនាំជាតិស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងមូលដ្ឋានសុខាភិបាលឆ្នាំ២០១៩ និង
២.គោលនយោបាយជាតិស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងមូលដ្ឋានសុខាភិបាលឆ្នាំ២០២៣និងគោលការណ៍ណែនាំស្តីពីការតាមដានបរិមាណឱសថប្រឆាំងមេរោគក្នុងមូលដ្ឋានសុខាភិបាលឆ្នាំ ២០២៣។

ប្រតិភូមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (ICARS) បានជម្រាបជូនក្រសួងសុខាភិបាលអំពីគោលបំណង៖
-គម្រោងដែលគាំទ្រដោយ ICARS ជាគម្រោងស្រាវជ្រាវតាមបែបអនុវត្ត គឺមានប្រទេសចំនួន២១ចូលរួម ដែលក្នុងនោះមានកម្ពុជាផងដែរ ក្រោមគម្រោងមេ “សុខភាពតែមួយ” ដែលគ្របដណ្តប់ទៅលើសុខភាពមនុស្ស និងសត្វ និងធ្វើការស្រាវជ្រាវមានទិន្នន័យវិទ្យាសាស្រ្ត ដើម្បីកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្របឱ្យបានត្រឹម ឬក្រោម ២០%
-ដោយមានការគាំទ្រពីក្រសួងសុខាភិបាល គម្រោងស្រាវជ្រាវរបស់ICARSនេះ បានឆ្លងពីរដំណាក់កាលរួចមកហើយ។ បច្ចុប្បន្នចូលដល់ដំណាក់កាលទី៣ គឺត្រូវរៀបចំគម្រោងលម្អិតបន្ថែមទៀត និងចុះអនុសារណ: នៃការយោគយល់រវាងក្រសួងសុខាភិបាលនិង ICARS ដើម្បី ”អនុវត្ត”បន្តរយ:ពេល៣ឆ្នាំទៀត
-គម្រោងនឹងគាំទ្រដល់ការរៀបចំ ”និយាមនីតិវិធីប្រតិបត្តិ” ស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ សម្រាប់អនុវត្តថ្នាក់ជាតិនៅតាមមន្ទីរពេទ្យប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង សុទ្ធី អនុរដ្ឋលេខាធិការ លោកស្រីសាស្រ្តាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកសាស្រ្តាចារ្យ កឹម សាវួន អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោកស្រីវេជ្ជបណ្ឌិត ក្រង ស៊ីដន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកសាស្រ្តាចារ្យ អ៊ា ប៉ នាយករងវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកស្រីវេជ្ជបណ្ឌិត Kristina Osbjer តំណាង ICARS  តំណាងអង្គការ KHANA សរុប ចំនួន ១២នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6