Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល សំដែងនូវការកោតសរសើរស្មារតីរួបរួមគ្នាមន្រ្តីសុខាភិបាលទាំងអស់ «អ្នកកំពុងអនុវត្ត អ្នកចូលរួមសហការ និងអ្នកត្រៀមចូលរួមជួយបន្ថែមទៀត»
ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២៥

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យរកវិធីសាស្រ្តបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ យុទ្ធជន និងវាយតម្លៃផលប៉ះពាល់មូលដ្ឋានសុខាភិបាល នៅបណ្តាខេត្តជាប់ព្រំដែន បន្ទាប់ពីរងផលប៉ះពាល់ដោយសមរភូមិប្រយុទ្ធ។  ក្នុងកិច្ចប្រជុំនេះ រៀបចំតាមប្រព័ន្ធ Zoom នាល្ងាចថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ លោក លោកស្រី អគ្គនាយករង ប្រធានអង្គភាពចំណុះក្រសួងសុខាភិបាល ជាពិសេស មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត សរុបចំនួន ១៦០នាក់។ 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើ បញ្ហាដែលត្រូវដោះស្រាយចំពោះមុខ និងការពិនិត្យវាយតម្លៃផលប៉ះពាល់របស់មូលដ្ឋានសុខាភិបាល ដែលរងការខូចខាត ដើម្បីពិនិត្យលទ្ធផលរៀបចំ និងដាក់ដំណើរឡើងវិញ ក្នុងការបន្តបម្រើសេវាសុខាភិបាលនៅក្នុងមូលដ្ឋាន ដែលនឹងមានការត្រឡប់របស់ប្រជាពលរដ្ឋទៅលំនៅដ្ឋានវិញ។ ក្នុងនោះក៏ត្រូវរៀបចំផែនការឱ្យបានគ្រប់ជ្រុងជ្រោយ ត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងករណីដែលអាចកើតមានឡើងជាយថាហេតុ ដោយយកបទពិសោធន៍ជួបប្រទះលើកនេះ មកធ្វើការឆ្លះបញ្ចាំង វាយតម្លៃ ដើម្បីរៀបចំផែនការទៅមុខឱ្យបានកាន់តែប្រសើរជាងមុន។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំចុះជួយគាំទ្រ មន្ទីរពេទ្យជាតិសម្ព័ន្ធមេត្រី និងមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែនទាំង៧ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង បានរាយការណ៍ស្ថានភាព និងវឌ្ឍនភាពការងារដែលត្រូវដោះស្រាយចំពោះមុខ និងជាបន្តបន្ទាប់ ដើម្បីស្វែងរកវិធីសាស្រ្តល្អៗបន្ថែមទៀត ជាពិសេសសុំការណែនាំពីអង្គប្រជុំ យកទៅអនុវត្តបន្ត។

អង្គប្រជុំបានសម្រេច ដោយផ្តល់ជាយុទ្ធសាស្រ្តគន្លឹះ ដើម្បីដោះស្រាយបញ្ហា ដែលឱ្យមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលខេត្តផ្សេងទៀត បញ្ជូនក្រុមគ្រូពេទ្យជំនាញបន្ថែម ដែលមានឯកទេស ភ្នែក ត្រចៀក ជំនាញពិនិត្យ និងព្យាបាលអការៈពុលឧស្ម័ន និងអ្នកឯកទេសសុខភាពផ្លូវចិត្ត ព្រមទាំងអ្នកជំនាញអាហារូបត្ថម្ភ ដើម្បីជួយពិនិត្យ និងគាំទ្រផ្នែកសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព និងកងទ័ពរបស់យើង ឱ្យកាន់តែល្អប្រសើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19