រាជធានីភ្នំពេញ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាលើកទី២ ស្តីពីការពិនិត្យ និងកែសម្រួលលក្ខខណ្ឌក្នុងការអនុវត្តសកម្មភាពជំងឺមិនឆ្លង លើគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដូចជា៖
១. ការកំណត់គោលដៅឡើងវិញនៃការអនុវត្តការធ្វើ Screening ជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម
២. ការកំណត់និយមន័យឡើងវិញចំពោះ First Screening of Diabetes and Hypertension
៣. ការពិនិត្យមើលលក្ខខណ្ឌទូទាត់ SDG សម្រាប់មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តភូមិ
៤. ជំហានបន្ទាប់សម្រាប់ជំរុញការអនុវត្តការងារជំងឺមិនឆ្លងក្នុងគម្រោងឱ្យបានរលូន។
ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាលម្អិត និងទទួលបានលទ្ធផលល្អប្រសើរ ដើម្បីជំរុញការអនុវត្តកិច្ចការងារជំងឺមិនឆ្លងនេះឱ្យបានរលូនទៅ មុខតាមពេលវេលាកំណត់របស់គម្រោង។ ឯកឧត្តមប្រធានអង្គប្រជុំក៏បាន ថ្លែងអំណរគុណ និងសំណូមពរដល់ក្រុមការងារនៃនាយកដ្ឋានការពារសុខភាព សូមមានការយកចិត្តទុកដាក់ ខិតខំអនុវត្តគម្រោងឱ្យបានជោគជ័យ និងសូមរៀបចំផែនការ និងតាមដានអនុវត្តកិច្ចការងារឱ្យបានគត់មុត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយលោកស្រីសាស្ត្រារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោក តឹក សុភឿន អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ, លោកស្រីវេជ្ជ លី ណារ៉េត អ្នកឯកទេសសុខភាពជាន់ខ្ពស់របស់ធនាគារពិភពលោក និងតំណាងដៃគូអភិវឌ្ឍន៍រួមមាន, KOICA, GFF, DFAT, KfW ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តី នៃនាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ទីភ្នាក់ជាតិបញ្ជាក់ចំណាយ និងនាយកដ្ឋានការពារសុខភាព ។