Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា ៖ «មិនមានសុខភាពទេ បើសិនជាមិនមានសុខភាពផ្លូវចិត្ត - No Health Without Mental Health»
ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា»។

ក្នុងឱកាសនោះដែរ  ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាការថែទាំសុខភាពផ្លូវចិត្ត (mental health care) មិនមែនស្ថិតនៅត្រឹមកម្រិតគ្រូពេទ្យឯកទេសផ្លូវចិត្ត (psychiatrist) នោះទេ គឺគ្រប់ៗគ្នាមានចំណែកចូលរួមស្វែងយល់ និងគាំទ្រលើកតម្លៃការបង្ការ ការគាំទ្រលើសុខភាពផ្លូវចិត្ត មានន័យថាចាប់ពីបុគ្គលម្នាក់-គ្រួសារមួយ រហូតដល់សហគមន៍ទាំងមូល។ ឯកឧត្តមរដ្ឋលេខាធិការបានជូនអនុសាសន៍ បន្ថែមសម្រាប់ជាធាតុចូលនៃសេចក្តីព្រាងនៃផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា៖

១. ខិតខំពិនិត្យមើលសេចក្តីព្រាងនៃផែនការឱ្យបានគ្រប់ជ្រុងជ្រោយ ដោយធានាថាផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្ត មានលក្ខណៈជាក់លាក់ អាចអនុវត្តបាន វាស់វែងបាន និងមានអនុលោមភាពជាមួយផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងផែនការយុទ្ធសាស្រ្តសុខាភិបាល។

២. រៀបចំយន្តការសម្រសម្រួលនៅគ្រប់កម្រិតពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិសម្រាប់គាំទ្រដល់ការអនុវត្តផែនការនេះ។

៣. គឺជាផែនការដែលត្រូវដាក់បញ្ចូលរួមគ្នាលើការថែទាំសុខភាពបឋមនៅក្នុងសហគមន៍ ដែលជាអាទិភាពចម្បងរបស់សុខាភិបាល។

៤. យន្តការបណ្តុះបណ្តាលធនធានមនុស្ស ទាំងសុខាភិបាល និងគ្រប់តួអង្គពាក់ពន្ធ័ ជាគន្លឹះនាំដល់ល្បឿនអនុវត្តន៍យុទ្ធសាស្ត្រលើកកម្ពសសុខភាពផ្លូវចិត្តបានទូលំទូលាយ។

សិក្ខាសាលាពិគ្រោះយោបល់នេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកសុខភាពផ្លូវចិត្ត និងអង្គភាពដៃគូផ្សេងៗ រួមជាមួយអង្គភាពសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដោយមានវត្តមានសម្របសម្រួលចូលរួមពីជំនាញការអង្គការសុខភាពពិភពលោកមកពីការិយាល័យកណ្តាលហ្សឺណែល និងពីតំបន់ប៉ាស៊ីហ្វិកខាងលិច។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13