រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម អ៉ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍វឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
កិច្ចប្រជុំនេះឡើងដើម្បីតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយធ្វើការពិភាក្សាពិគ្រោះយោបល់រួមលើសេចក្តីព្រាងរបាយការណ៍ ដើម្បីប្រមូលធាតុចូលបន្ថែមដើម្បីកែសម្រួលចំណុចខ្វះខាតឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនជាផ្លូវការទៅរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា បន្ទាប់ពីគណៈរដ្ឋមន្រ្តីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំ សម្របសម្រួលការអនុវត្ត ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល និងតំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ ក្នុងការឆ្លើយតបជាពហុវិស័យ ចំពោះការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍ប្រកបដោយចីរភាពនៅកម្ពុជា។ នៅឆ្នាំ២០២៤ កម្ពុជាបានសម្រេចគោលដៅសកលចំនួន២ ជាមួយនឹងលទ្ធផល ៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកលទាំងបី ៩៥-៩៥-៩៥ និងបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីជាបន្តបន្ទាប់។
កិច្ចប្រជុំនេះមានកាអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ប្រធាន អនុប្រធាន សមាជិក និងអ្នកតំណាងក្រុមការងារអន្តរក្រសួង តាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។