ខេត្តឧត្តរមានជ័យ៖ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ទទួលបន្ទុកចុះជួយពង្រឹង គុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ដើម្បីពិនិត្យស្វែងយល់ពីបញ្ហាប្រឈម នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ក្នុងនោះដែរក៏បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្តល់យោបល់ក្នុងការរៀបចំ បន្ទប់ OPD, ER នឹងការរៀបចំបន្ទប់សង្គ្រោះបន្ទាន់ ត្រៀមសម្រាប់យោធាមកពីសមរភូមិ ខាងមុខ និងដើម្បីធានានិរន្តរភាពនៃការបម្រើសេវាសុខភាព ជូនដល់ប្រជាជន ពិសេសវិរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជនភៀសសឹកដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ។
ក្នុងដំណើរចុះពិនិត្យនេះដែរ មានការចូលរួមពី មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានចុះពិនិត្យនៅ មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកអន្លង់វែង និងចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅ វត្តបាត់ថ្កៅ និងវត្តភ្នំកំបោរ និងមូលដ្ឋានសុខាភិបាលនៅ អូរតាមែង អន្លង់វែង អូរក្រូច ត្រពាំងប្រសាទ។