ថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងក្រុមការងារ ចុះទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីនាំយកអំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងបរិភោគ ដែលជាការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់រៀបចំចាត់ចែងតាមការចាំបាច់។
ក្នុងបេសកកម្មនេះ ក្រុមការងារ បានចុះពិនិត្យនិងគាំទ្រការបម្រើសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងការផ្តល់ថ្នាំបង្ការនៅមណ្ឌលសុខភាពស្រះកែវ និងមណ្ឌលសុខភាពចុងកាល់ នៃស្រុកប្រតិបត្តិសំរោង ខេត្តឧត្តរមានជ័យ។ ក្រុមការងារ បានពិនិត្យលើការគ្រប់គ្រងឱសថ សម្ភារ បរិក្ខារ ជាពិសេស ឃីតសង្រ្គោះការធ្លាក់ឈាមក្រោយសម្រាល ឃីតសង្រ្គោះបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរ ឃីតសង្រ្គោះទារក ព្រមទាំងបានពិនិត្យលើសេវាពិនិត្យផ្ទៃពោះ ការថែទាំពេលសម្រាល និងក្រោយសម្រាល ការគ្រប់គ្រងវ៉ាក់សាំង និងការវេចខ្ចប់ ការស្តេរីលសម្ភារជាដើម។