Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពចុះអភិបាលគាំទ្រ និងចូលរួមបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា និងមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ
ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៥

ខេត្តព្រះវិហារ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ និងឯកឧត្តម​ឱសថ​ការី​ អ៊ូ​ វិភព​ រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារអញ្ជើញចុះអភិបាលគាំទ្រ និងចូលរួមបម្រើសេវាសុខាភិបាលលើការថែទាំព្យាបាលបងប្អូនប្រជាពលរដ្ឋ​ និងកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា និងមណ្ឌលសុខភាពគូលែន ក្នុងខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមការងារ ក៏ដូចជាក្រុមការងារមន្ទីរសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព បានចុះពិនិត្យនៅតាមទីតាំងមណ្ឌលសុវត្ថិភាព ដែលមានបងប្អូនប្រជាពលរដ្ឋភៀសសឹកចេញពីតំបន់សមរភូមិមុខរវាងព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក។

ក្នុងដំណើរបំពេញបេសកកម្មនេះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានផ្ដល់យោបល់ជូនទៅថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក៏ដូចជាមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលដែលកំពុងបំពេញតួនាទីថែព្យាបាលតាមទីតាំងប្រចាំការ នៅមណ្ឌលសុវត្ថិភាព ឱ្យខិតខំយកចិត្តទុកដាក់បម្រើសេវាសុខាភិបាលក្នុងនាមជាបុគ្គលិកសុខាភិបាលដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ និងបានធ្វើការអប់រំណែនាំអំពីការថែទាំសុខភាពដូចជាការរស់នៅស្អាត ហូបស្អាត និងថែទាំអនាម័យបរិស្ថានក្នុងតំបន់រស់នៅ។

បេសកកម្មនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងក្រុមការងារ។

Image 1
Image 2
Image 3
Image 4