រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែសា្រពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សំដែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងស្មារតីរួបរួមសាមគ្គីភាពគ្នា ជួយគ្នាគាំទ្រគ្នាដោយស្វ័យប្រវត្តិ ទាំងជំនាញបច្ចេកទេសវះកាត់ ថែទាំព្យាបាល ទាំងការលើកកម្ពស់ទឹកចិត្តស្មារតី ដោយមានការចុះជួយគ្នាពីមន្ទីរពេទ្យជាតិទាំងអស់ សាកលវិទ្យាល័យជាតិ និងបណ្តាខេត្តទាំងអស់ ចូលរួមបេសកម្មសុខាភិបាលនាគ្រាអាសន្នចាំបាច់បំផុត ក្នុងនាមជាកងទ័ពអាវស។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល សូមបន្តសកម្មភាព វប្បធម៌ដ៏ល្អប្រពៃបែបនេះតទៅទៀតច្រើនជំនាន់ ដោយត្រូវត្រៀមលក្ខណៈ ស្មារតីយកចិត្តទុកដាក់កម្រឹតខ្ពស់គ្រប់ពេលវេលា គ្រប់វិនាទី ចំពោះរាល់ព្រឹត្តិការណ៍អវិជ្ជមានដែលអាចកើតមានឡើង ហើយត្រូវយកបទពិសោធន៍កន្លងមក មករៀបចំជាការណែនាំ ផែនការសកម្មភាពបន្ត និងសម្រាប់ពេលបន្ទាប់ ទាំងដំណាក់កាលមុនហេតុការណ៍ ដំណាក់កាលកំពុងកើតហេតុការណ៍ និងដំណាក់កាលក្រោយហេតុការណ៍។ ការគិតគ្រប់ជ្រុងជ្រោយ ចេញពីបទពិសោធន៍ជាក់ស្តែង សម្រាប់ពេលបន្តបន្ទាប់ និងពេលក្រោយៗ តាមរយៈការរៀបចំផែនការសកម្មភាព គឺជាភាពឈ្នះយ៉ាងពិតប្រាកដ។
ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវរៀបចំពិនិត្យ និងវាយតម្លៃនូវផលប៉ះពាល់ នៅពេលដែលស្ថានភាពល្អប្រសើរឡើងវិញ ដោយត្រូវធានាយ៉ាងណា ឱ្យដំណើរការបម្រើសេវាសុខាភិបាលជាសារវន្ត័នៅដំណើរការជាធម្មតា និងត្រូវពិនិត្យជំហានបន្តបន្ទាប់ ទាំងការរៀបចំជួសជុលការខូចខាតទាំងឡាយ តាមស្ថានភាពចំពោះមុខ ឈរលើដំណាក់កាលរៀបចំរយៈពេលខ្លី និងផែនការប្រមើលមើលរយៈពេលវែង។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មជ្ឈមណ្ឌលជាតិពាក់ព័ន្ធ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងការជួយក្នុងការគាំទ្រសុខភាពសាធារណៈ ដោយត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតការ បង្កើនការអប់រំសុខភាពតាមគ្រប់មធ្យោបាយ ជាពិសេសការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយត្រូវសហការបាញ់ថ្នាំសម្លាប់មូស នៅតំបន់ដែលមានហានីភ័យខ្ពស់។