ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ
ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤
តាកែវ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទី នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ដោយមានចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរសុខា ភិបាលខេត្ត មន្ទីរពាក់ព័ន្ធ អង្គភាព អាជ្ញាធរ ក្រុង ស្រុក និងមន្ត្រីរាជការជុំវិញរដ្ឋបាលខេត្តតាកែវ សរុបមានចំនួន ២៣០រូប។
ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានប្រព្រឹត្តទៅក្រោមអធិបតីភាព
របស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តតាកែវ ព្រមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ។ បន្ទាប់ពីបានប្រគល់អនុក្រឹត្យតែងតាំង និងត្រារបស់មន្ទីរសុខាភិបាលខេត្ត ជូនលោកប្រធានមន្ទីរសុខាភិបាល ដែលត្រូវចូលកាន់ដំណែងថ្មីពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ លោកប្រធានមន្ទីរបានធ្វើការប្តេជ្ញាចិត្ត ចំពោះមុខអង្គពិធីទាំងមូល និងបានទទួលមតិសំណេះសំណាល និងការផ្តាំផ្ញើពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តមរដ្ឋលេខាធិការប្រចាំការ។