Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យផលប៉ះពាល់សុខាភិបាលដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងរក្សានិរន្តរភាពការបម្រើសេវា
ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៥

ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឱសថការី អ៊ូ វិភព រដ្ឋលេខាធិការ និងឯកឧត្តមសាស្រ្តាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីផលប៉ះពាល់សុខាភិបាល ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ និងពិនិត្យការបម្រើសេវាសុខាភិបាលដល់វីរកងទ័ព កំពុងសម្រាកព្យាបាល និងប្អូនបងប្រជាពលរដ្ឋ ជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព នៅខេត្តព្រះវិហារ។

ក្នុងការចុះពិនិត្យនេះ ក៏មានការសហការជាមួយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យជាតិនានា ក្នុងការព្យាបាល និងបញ្ជូនជំងឺ ដែលជាយុទ្ធជន និងប្រជាជជនភៀសសឹករងរបួស ពីមន្ទីរពេទ្យ ១៦ មករា និងមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ ដើម្បីព្យាបាលបន្តនៅមន្ទីរពេទ្យជាតិ។ បន្ថែមពីនេះ ក្រុមការងារបានចុះពិនិត្យ រៀបចំការដំណើរការឡើងវិញនូវមូលដ្ឋានសុខាភិបាល ១) មន្ទីរពេទ្យបង្អែកជាំក្សាន្ត ២) មណ្ឌលសុខភាពស្រអែម ៣) មណ្ឌលសុខភាពសម្តេចជាស៊ីម ស្រអែម។ 

ក្នុងអំឡុងពេលនេះដែរ ឯកឧត្តម លឹម តារារិទ្ធ និងលោក Adriaensens STEFAN ANTONIU ក៏បានអញ្ជើញចូលរួមចុះពិនិត្យ និងស្វែងយល់ពីផលប៉ះពាល់បណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ និងស្វែងយល់ពីតម្រូវការព្យាបាលសុខភាព តម្រូវការសេវាសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍វេជ្ជសាស្រ្ត និងធនធានមនុស្ស ដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងវិបត្តិ មួយនេះ។ ក្នុងការចុះពិនិត្យនៅទីសុវត្ថិភាព វត្តឧត្តមគីរីទួលអណ្តែត ក្រុមអ្នកជំនាញ ក៏បានជូនជាសារគន្លឹះ សម្រាប់ការប្រុងប្រយត្ន័អំពីការឆ្លងរោគ ដោយជំរុញប្រជាពលរដ្ឋ រក្សាអនាម័យស្អាត អនាម័យដៃឱ្យបានទៀងទាត់ ការនាំកុមារទទួលបានចាក់វ៉ាកសាំងការពារកញ្ជ្រិល អប់រំសុខភាពពីការឆ្លងជំងឺគ្រុនឈាម និងប្រុងប្រយ័ត្នជំងឺឆ្លងផ្សេងៗទៀតផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16