Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាការចាប់ផ្តើមគម្រោង ស្តីពី ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងប្រព័ន្ធសុខាភិបាល ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃអនុគម្រោងទី២ TA 10485-REG
ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចាប់ផ្តើមគម្រោង ស្តីពី ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃប្រព័ន្ធសុខាភិបាល ក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលរៀបចំនៅសណ្ឋាគារ រ៉ាហ្វ៊ល រ៉ូយ៉ាល់ ភ្នំពេញ។ ។

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ពិគ្រោះ និងយោបល់ ជាមួយអ្នកពាក់ព័ន្ធលើផែនការជំនួយបច្ចេកទេស TA 10485 សម្រាប់ការពង្រឹងភាពធន់ នៃប្រព័ន្ធប្រព័ន្ធសុខាភិបាល ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ព្រមទាំងពិភាក្សាអំពីផលប៉ះពាល់ ការប្រែប្រួលអាកាសធាតុ និងគំនិតផ្តួចផ្តើម ការពង្រឹងភាពធន់ ទៅនឹងប្រព័ន្ធប្រព័ន្ធសុខាភិបាល ពីការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។

ក្នុងពិធីបើកវគ្គសិក្ខាសាលានេះ ឯកឧត្តមវេជ្ជបណ្ឌិត បានមានលើកឡើងថា នៅអាស៊ីអាគ្នេយ៍គឺជាតំបន់ដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ។ នៅទសវត្សរ៍ឆ្នាំ 2050 សីតុណ្ហភាព ក្នុងតំបន់អាចកើនឡើង 1.1°C បើមានការបំភាយឧស្ម័នផ្ទះកញ្ចក់មធ្យម និងកើនរហូតដល់ 3.5°C បើមានការបំភាយឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ដែលបណ្តាលឱ្យមានរលកកំដៅញឹកញាប់និងធ្ងន់ធ្ងរ។ ប្រទេសកម្ពុជា ក៏ដូចប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខ នឹងបញ្ហាសំខាន់ៗ មួយចំនួនដែលផលប៉ះពាល់កើនឡើងពីលក្ខខ័ណ្ឌនៃការប្រែប្រួលអាកាសធាតុរួមមាន៖ រលកកំដៅ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ការបំពុលខ្យល់ និងគ្រោះមហន្តរាយធម្មជាតិ។ ការកើនឡើងនៃជំងឺដែលកើតឡើងដោយ ភ្នាក់ងារចម្លង និងជំងឺឆ្លងតាមទឹក ដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ដើម្បីឆ្លើយតបទៅផលប៉ះពាល់សុខភាពសាធារណៈ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ គឺចាំបាច់ត្រូវតែមានការពង្រឹងភាពធន់ទៅនឹងការប្រែប្រួអាកាសធាតុនៃប្រព័ន្ធសុខាភិបាល ក្នុងន័យធានាឱ្យបាននូវការថែទាំសុខភាពជាប់ជាប្រចាំ និងកាត់បន្ថយហានិភ័យសុខភាព ពីគ្រោះមហន្តរាយ ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះ។ 

ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តសមាជិកទាំងអស់ មេត្តាយកចិត្តទុកដាក់ជួយផ្តល់នូវធាតុចូល ដើម្បីឱ្យការរៀបចំផែនការជំនួយការបច្ចេកទេស TA 10485 ទទួលបានលទ្ធផលល្អ និងប្រកបដោយផ្លែផ្កា។ 

សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំដោយ នាយកដ្ឋានការពារសុខភាព មានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ អង្គការដៃគូរ មន្ទីសុខាភិបាលដែលងាយរងគ្រោះទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ចំនួន ៧ខេត្ត រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង និងខេត្តព្រៃវែង ដែលមានសមាសភាពចូលរួមសរុបចំនួន៤៨ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7