Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ
ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ អមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាគ្រូបង្គោលថ្នាក់ជាតិដឹកនាំវគ្គបណ្តុះបណ្តាលបានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ។

វគ្គបណ្តុះបណ្តាលនេះ ជាវគ្គបណ្ដុះបណ្ដាលលើកទី១នៅក្នុងទម្រង់ នៃការបណ្តុះបណ្តាលការអនុវត្ត ស្របតាមវិធានការណ៍គន្លឹះពង្រឹងវិស័យសុខាភិបាលនៅក្នុងអាណិត្តទី៧។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃកន្លះ ដោយសិក្សាទ្រីស្តី ការចែករំលែកបទពិសោធន៍នៅសាលសិក្សា និងការចុះសិក្សាការអនុវត្តផ្ទាល់នៅមន្ទីរពេទ្យខេត្ត ពិសេសនៅផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករថយន្តគិលានសង្គ្រោះ។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង និងឯកឧត្តមសាស្រា្តចារ្យ សុខ ជួរ បានដឹកនាំចុះអនុវត្តដោយផ្ទាល់ក្នុងមន្ទីរពេទ្យ និងបានអនុវត្តបង្ហាញដោយផ្ទាល់លើអ្នកជំងឺ និងបានផ្តល់យោបល់សំខាន់ៗទៅសិក្ខាកាមនៅពេលសង្គ្រោះបន្ទាន់ត្រូវមានសម្ភារៈគ្រប់គ្រាន់ក្នុងការសង្គ្រោះ និងត្រូវចេះប្រើប្រាស់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្តទាំងអស់ ហើយត្រូវតែថែរក្សា និងពិនិត្យឧបករណ៍ទាំងនោះរៀងរាល់ថ្ងៃទោះពេលនេះមិនទាន់ប្រើក៏ដោយ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍ក្នុងវគ្គនេះដូចតទៅ៖ ១. ត្រូវរៀបចំប្រព័ន្ធបញ្ជូនឱ្យមានទំនាក់ទំនងរវាងមណ្ឌលសុខភាព និងមន្ទីរពេទ្យ ២.ប្រព័ន្ធ Hotline ត្រូវតែមានគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ហើយបុគ្គលិកសុខាភិបាលជាអ្នកទទួលខុសត្រូវលើប្រព័ន្ធ Hotline ៣. ត្រូវសហការណ៍គ្នាឱ្យបានល្អជាក្រុមនៅផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកផ្សេងៗ សំដៅដល់ការជួយសង្រ្គោះឱ្យមានប្រសិទ្ធភាព ៤. ត្រូវមានឧបករណ៍វាយតម្លៃសម្រាប់ត្រួតពិនិត្យលើរថយន្តគិលានសង្គ្រោះជាប្រចាំ ៥. ត្រូវមានឯកសារកត់ត្រាពីសកម្មភាពថែទាំព្យាបាលអ្នកជំងឺតាមរថយន្តគិលានសង្គ្រោះ និងត្រូវមានឧបករណ៍ ឱសថត្រឹមត្រូវតាមគោលការណ៍ណែនាំថ្នាក់ជាតិ ៦. មន្ត្រីសុខាភិបាល គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប ត្រូវមានមូលដ្ឋានគ្រឹះក្នុងការសង្គ្រោះបឋមប្រកបដោយ ក្រមសីលធម៍ និងអាប្បកិរិយាល្អ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយនាយកដ្ឋានមន្ទីរពេទ្យសហការណ៍ជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងមានការចូលរួមពីគ្រូបង្គោលថ្នាក់ជាតិមកពី មន្ទីរពេទ្យកម្ពុជាចិនព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមានការចូលរួមពីសំណាក់លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ ឯកឧត្តមវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម លោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាល លោកសាស្ត្រាចារ្យ លោក លោកស្រីប្រធានមន្ទីរពេទ្យ ប្រធានស្រុកប្រតិបត្តិ និងមន្ត្រីផ្នែកសង្គ្រោះបន្ទាន់ដែលមានចំនួនសរុប ១២០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7