Cambodia
ព័ត៌មានលំអិត

Image
មូលធនមនុស្សប្រកបដោយសមត្ថភាព និងគុណភាព រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ
ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន ១៦រូប ក្នុងនោះរួមមានថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ជូនដល់និស្សិត ខិតខំរៀនសូត្រ ដើម្បីទទួលបានជោគជ័យ ព្រមទាំងរក្សាឱ្យបានខ្ជាប់ខ្ជួននូវវប្បធម៌ប្រពៃណីថ្លៃថ្លូរ នៃប្រជាជាតិខ្មែរយើង ដែលមានប្រវត្តិដ៏រ៉ុងរឿងជាយូរលង់មកហើយ។ ក្រសួងសុខាភិបាលសង្ឃឹមថា និស្សិតជ័យលាភីទាំង ១៦ រូប នឹងក្លាយជាធនធានមនុស្សដែលមានសមត្ថភាព ដើម្បីចូលរួមសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល ជូនប្រទេសកម្ពុជាយើង ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជូននូវវត្ថុអនុស្សាវរីយ៍របស់ក្រសួងសុខាភិបាល ដល់និស្សិត រួមមានសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាល និងក្រមាមានរូបទង់ជាតិកម្ពុជាម្នាក់មួយ។

សូមបញ្ជាក់ផងដែរថា ពិធីជួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល  អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10