រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១១កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង ឯកឧត្តម ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមសិក្ខាសាលា ស្តីពីការកំណត់វិធានការ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅសណ្ឋាគារ Novotel Phnom Penh។
សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងសំខាន់ពីរគឺ ការផ្សព្វផ្សាយរបាយការណ៍តាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងការកំណត់បញ្ហាប្រឈមជាក់លាក់លើសូចនាករសមិទ្ធកម្មគន្លឹះនីមួយៗ។
អង្គសិក្ខាសាលាបានលើកឡើងនូវបញ្ហាប្រឈមដែលជួបប្រទះញឹកញាប់ជាងគេ ដូចជា សម្ភារៈបច្ចេកទេស ប្រព័ន្ធព័ត៌មានវិទ្យា ទិន្នន័យ ការសម្របសម្រួលរដ្ឋ និងឯកជននិងដៃគូអភិវឌ្ឍ ការសម្របសម្រួលក្រសួង ស្ថាប័ន លិខិតបទដ្ឋានគតិយុត្ត ការរៀបចំផែនការ អភិបាលកិច្ចស្ថាប័ន ធនធានមនុស្ស ហិរញ្ញវត្ថុ និងស្វែងរកវិធានការណ៍គន្លឹះដើម្បីដោះស្រាយ និងដាក់ចេញវិធានការជាក់លាក់តាមសូចនាករសមិទ្ធកម្មនីមួយៗ។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំដោយ ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលមានការចូលរួម ពី ២៣ ក្រសួង សរុបចំនួនប្រមាណ ១០០នាក់។