ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៥
ដោយទទួលបានអនុសាសន៍ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ អមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការ បានចុះមកខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ ស្ថានភាពមណ្ឌលសុខភាព ក្រោយរងផលប៉ះពាល់ដោយសារការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចំនួន១១ មណ្ឌលសុខភាព និង មណ្ឌលសុវត្ថិភាព ចំនួន២ ដោយក្នុងនោះ រួមមាន៖
១)មណ្ឌលសុខភាព អូរស្មាច់ ២)មណ្ឌលសុខភាពមនោរម្យ១និង២ ៣)មណ្ឌលសុខភាព សំរោងសែនជ័យ ៤)មណ្ឌលសុខភាព គោកភ្លុក ៥)មណ្ឌលសុខភាព រំដួលសែនជ័យ ៦)មណ្ឌលសុខភាព ហាលៀមសែនជ័យ ៧)មណ្ឌលសុខភាព ទំនប់ដាច់ ៨)មណ្ឌលសុខភាព ត្រពាំងប្រាសាទ ៩)មណ្ឌលសុខភាព គោករមៀត ១០)មណ្ឌលសុខភាព បឹងត្រកួន ១១)មណ្ឌលសុខភាព អូរបីជាន់ និងក្រុមគ្រូពេទ្យសង្រ្គោះបឋមប្រចាំការនៅទីទួលសុវត្ថិភាពមួយកន្លែងក្នុងខេត្តឧត្តរមានជ័យ និងមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណ ទៅកាន់មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំសុខភាពជូនដល់អ្នករងរបួស និងបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងកំឡុងពេលផ្ទុះអាវុធ។ ព្រមជាមួយគ្នានេះ លោកជំទាវក៏បានលើកទឹកចិត្តឱ្យមន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ពង្រឹងស្មារតីជំហរស្មារតី និងបន្តរៀបចំការត្រៀមខ្លួនឱ្យបានរួចរាល់ ទាំងក្នុងការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្នុងការផ្តល់សេវាសុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះ ក៏មានការសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ចន្ទ័សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្រ្តី និងបុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្តទាំង២។