ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម នៃក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ អមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង អនុរដ្ឋលេខាធិការ និង ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការ បានចុះពិនិត្យការងារ និងសួរសុខទុក្ខមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព នៅតាមបណ្តោយព្រំដែន នៃខេត្តព្រះវិហារ ដែលកំពុងរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
មន្ត្រី និងបុគ្គិលសុខាភិបាលទាំអងស់ កំពុងមមាញឹកក្នុងការបម្រើសេវាសុខភាពបឋម ជូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅតាមជំរុំសុវត្ថិភាព ដូចជា៖ វត្តសំវីរៈសីលា (វត្តបាក់កាំ) វត្តត្រាវគៀត វត្តទួលអណ្តែត វត្តពោធិ ៥០០០ ដើម វត្តពោធិមានជ័យ វត្តពោធិសិលារាម វត្តពើងព្រះគោព្រះកែវមានឬទ្ធិ និងមណ្ឌលសុខភាពគូលែន។
ឯកឧត្តមរដ្ឋលេខាធិការ ប្រធានក្រុមការងារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ចំពោះការលះបង់ របស់វីរ:កងទ័ពកម្ពុជា ដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ និងបានកោតសរសើរដល់ មន្រ្តីសុខាភិបាលទាំងអស់ ដែលមានស្មារតីស្នេហាជាតិ តស៊ូប្តូផ្តាច់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
បន្ថែមពីនេះ មន្រ្តីសុខាភិបាលរដ្ឋបាលខេត្តព្រះវិហារ ក៏បានទទួលការគាំទ្រយ៉ាងសកម្មពីក្រុមគ្រូពេទ្យមកពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ រាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យគ្រូពេទ្យស្ម័គ្មចិត្តយុវជនសម្តេចតេជោ ចូលរួមបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋដែលស្នាក់នៅតាមជំរុំសុវត្ថិភាពប្រកបដោយស្មារតីសហការបានយ៉ាងល្អប្រសើរ។
គួរបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះ មានការចូលរួមពី លោកវេជ្ជបណ្ឌិត សៅ មុនី អនុប្រធានមន្ទីរសុខាភិបាល លោកវេជ្ជបណ្ឌិត យុន សោភ័ណតារា ប្រធាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ត្បែងមានជ័យ មន្រ្តី និងបុគ្គលិកសុខាភិបាល នៃរដ្ឋបាលលខេត្តព្រះវិហារចូលរួមផងដែរ៕