ខេត្តកំពង់ឆាំ្នង៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការ អមដំណើរដោយ លោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងលោក
ស្រ៊ន សៀវប៉ាវ មន្រ្តីជំនួយការ បានចុះទៅពិនិត្យស្ថានភាពនៅមណ្ឌលសុខភាពចំនួន៩ ក្នុងខេត្តកំពង់ឆ្នាំង។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ ក្នុងបេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយ ឯកឧត្តម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរិបូណ៌ ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ ៨ចំណុច៖
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤-លទ្ធភាពគ្រប់គ្រងក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៨-ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលចុះត្រួតពិនិត្យមានដូចជា៖ មណ្ឌលសុខភាពឈូកស សែប ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច មណ្ឌលសុខភាពច៉ោងម៉ោង ជៀប ក្បាលទឹក ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង និងមណ្ឌលសុខភាពក្រាំងលាវ ក្រាំងស្គារ ក្ដុល ផ្សារ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង។