រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍/របេង និងគម្រោងយន្តការឆ្លើយតបនឹងជំងឺកូវីដ-១៩។
គោលបំណង នៃកិច្ចប្រជុំនេះគឺ៖
១- ពិនិត្យវឌ្ឍនភាព ការសម្រេចបានសមិទ្ធិផលលើសូចនាករសំខាន់ៗ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ព្រមទាំងការអនុវត្តចំណាយហិរញ្ញវត្ថុ ការអនុវត្តកិច្ចការលទ្ធកម្ម គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ព្រមទាំងបញ្ហាប្រឈមសំខាន់ៗដែលត្រូវដោះស្រាយ។
២- ចែករំលែកព័ត៌មានលម្អិត មតិកែលម្អ/យោបល់ ក៏ដូចជាការបំភ្លឺ និងអនុសាសន៍ពីក្រុមការងារបច្ចេកទេស Technical Review Team (TRT) ហើយយកធាតុចូល/យោបល់ទាំងនោះមកឆ្លុះបញ្ចាំង ធ្វើយ៉ាងណាឱ្យរបាយការណ៍នេះកាន់តែល្អប្រសើរ មុននឹងបញ្ជូនទៅម្ចាស់ជំនួយមូលនិធិសកល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល ឯកឧត្តម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី ប្រធាន និងអនុប្រធាន នាយកដ្ឋាន ពាក់ព័ន្ធ នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មជ្ឈមណ្ឌលជាតិ មន្ត្រីគម្រោងមូលនិធិសកល ព្រមទាំងលោក លោកស្រី ជាសមាជិកពាក់ព័ន្ធទាំងអស់ និងដៃគូអភិវឌ្ឍន៍រួមមាន៖ UNIADS, CHAI, LFA, KHANA, RHAC, Op-ASHA, CHC, CRS, FI, HACC, Chhouk Sar ដែលបាននិងកំពុងអនុវត្តគម្រោងមូលនិធិសកល សរុបប្រមាណ ៦០នាក់។