រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ស្តីពីការពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងកំណត់គោលដៅ សម្រាប់គម្រោង H-EQIP 2 នៅទីស្តីការក្រសួងសុខាភិបាល។
គោលបំណងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើចំនុចមួយចំនួន រួមមាន៖
-ពិនិត្យវឌ្ឍនការងារដែលសម្រេចបាន ក្នុងរយៈពេល១ខែ
-រាយការណ៍វឌ្ឍនភាពការងារតាមផ្នែកនីមួយៗ ដូចជា៖ ១) មូលនិធិសមធម៌សុខាភិបាល (HEF) ២) ការពង្រឹងគុណភាព នៃការផ្តល់សេវាសុខាភិបាល ៣) ការពង្រឹង និងតាមដានការងារជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងមហារីកមាត់ស្បូន) ៤) ការពង្រឹងសមត្ថភាពលើសមភាពយេនឌ័រ និងបរិយាបន្នសង្គម ៥) ការងារគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP)
-កំណត់ពេលវេលា សម្រាប់ការអនុវត្តការងារនីមួយៗ
-និងជំហានបន្ទាប់
ជារួម ការអនុវត្តការងាររបស់កម្មវិធីនីមួយៗ នៃគម្រោង សម្រេចបាននូវលទ្ធផលល្អ ទៅតាមការគ្រោងទុក។ ក្នុងនេះដែរ លោកជំទាវនាយកគម្រោង បានផ្តល់អនុសាសន៍ជាគន្លឹះក្នុងការជំរុញ និងពន្លឿនការអនុវត្តការងារឱ្យកាន់តែល្អ និងទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានសម្រេចបានតាមគោលដៅកំណត់ របស់ក្រុមបេសកកម្មវាយតម្លៃការងារ នៃធនាគារពិភពលោក (ISM)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលគម្រោង H-EQIP 2 ឯកឧត្តមទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង ឯកឧត្តមនាយកវិទ្យាស្ថានជាតិ សុខភាពសាធារណៈ លោកប្រធាននាយកដ្ឋាន លោក លោកស្រី ក្រុមការងារ ពាក់ព័ន្ធទាំងអស់ នៃគម្រោង HEQIP 2 ។