ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការ រួមជាមួយឯកឧត្តមវេជ្ជបណ្ឌិត លី ឈូង រដ្ឋលេខាធិការ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងសហការី បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីផលប៉ះពាល់សុខាភិបាល ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនវីរៈកងទ័ព កំពុងសម្រាកព្យាបាល និងប្អូនបងប្រជាពលរដ្ឋ នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។
ក្នុងការចុះពិនិត្យនេះ ក៏មានការសហការជាមួយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យជាតិនានា ក្នុងការព្យាបាល និងបញ្ជូនអ្នកជំងឺ ដែលជាយុទ្ធជន និងប្រជាជនរងរបួស ពីមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និងមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ ដើម្បីព្យាបាលបន្តនៅមន្ទីរពេទ្យជាតិ។
បន្ថែមពីនេះ ក្រុមការងារបានចុះពិនិត្យ មូលដ្ឋានសុខាភិបាលមួយចំនួន ដើម្បីត្រៀមរៀបចំដំណើរការឡើងវិញ ដូចជានៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត មណ្ឌលសុខភាពស្រអែម និង មណ្ឌលសុខភាពសម្តេចជាស៊ីមស្រអែម ក្រោយមានស្ថានភាពធូរស្រាល។
ក្រុមការងារបានរៀបចំសម្របសម្រួលក្រុមគ្រូពេទ្យខេត្តកំពង់ស្ពឺ មកបំពេញភារកិច្ចនៅខេត្តព្រះវិហារ ទៅប្រចាំការនៅមណ្ឌលសុខភាពគូលែន និងមណ្ឌលសុវត្ថិភាពវត្តត្រាវគៀត។
ក្រុមការងារក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំ មន្ទីសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត១៦ មករា ខេត្តព្រះវិហារ ដើម្បី រៀបចំសម្របសម្រួល ក្នុងការចុះសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវតបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមក៏បានថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ដល់វីរៈកងទ័ពរបស់យើងដែលបានការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ ហើយក៏បានថ្លែងការកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើការពិនិត្យ ថែទាំសុខភាព និងព្យាបាលជូនវីរៈកងទ័ព និងប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕