ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងការបង្ការជំងឺគ្រុនឈាមឱ្យកាន់តែប្រសើថែមទៀត ដោយស្វែងរកចំណុចគន្លឹះក្នុងការការពារ ការព្យាបាលជំងឺគ្រុនឈាម និងការឆ្លើយតបបានទាន់ពេលវេលាទាំងកម្រឹតមន្ទីរពេទ្យ ទាំងក្នុងសហគមន៍។
ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាកដឹកនាំទទួលបន្ទុក និងមន្រ្តីជំនាញ បង្កើនការតាមដាន និងឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលា អំពីជំងឺគ្រុនឈាម ពិសេសរយៈពេលចំណុចខ្ពស់ ដោយត្រូវបង្កើនការរាយការណ៍ករណីសង្ស័យពីគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីឱ្យក្រុមការងារឆ្លើយតបរហ័សពិនិត្យការងារ និងចុះអន្តរាគមន៍ ដូចជាចុះអប់រំសុខភាព ការចុៈកម្ចាត់ជំរកមូស ដាក់ថ្នាំអាប៊ែតនៅពាងទឹក និងវត្ថុ ដែលដក់ទឹក និងបង្កើនការបាញ់ថ្នាំសម្លាប់មូសនៅកន្លែងឆ្លងខ្លាំង ដោយមានចលនាការចូលរួមពីសហគមន៍។ បន្ថែមពីនេះ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងបណ្តាញសង្គម ដល់ប្រជាពលរដ្ឋពីវិធីសាស្រ្តការពារខ្លួន សម្រាន្តត្រូវចងមុង សម្លៀកបំពាក់ឱ្យជិតចុងដៃ ចុងជើង និងយកចិត្តទុកដាក់ស្រ្តីមានផ្ទៃពោះ។ មន្ទីរសុខាភិបាល ត្រូវសហការ និងជម្រុញការគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សាលារៀន វត្តអារាម កងកំលាំងប្រដាប់អាវុធ ដើម្បីចូលរួមលុបបំបាត់ប្រភពដង្កូវទឹក និងមូសខ្លា ពិសេសក្នុងរដូវភ្លៀងនេះ។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍លើការបង្កើនសមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ ការប្រើវិធីសាស្ត្រព្យាបាល ទាំងសេវាសាធារណៈ និងឯកជន។
កិច្ចប្រជុំនេះមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាល។
ទីស្តីការក្រសួងសុខាភិបាល៖ ព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥