Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក និងការគ្រប់គ្រងជំងឺឆ្លង ក្នុងទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ
ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥

នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ  រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលទទួលបន្ទុកការងារជំងឺឆ្លង បានអញ្ជើញដឹកនាំ ចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក និងការគ្រប់គ្រងជំងឺឆ្លង នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកជំទាវរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរមកពីក្រសួងសុខាភិបាល បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកឧកញ៉ វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ខូអិលធីឌី (CAIC) និងសហការីពាក់ព័ន្ធ។ គណៈប្រតិភូ បានអញ្ជើញពិនិត្យមើលការងារបច្ចេកទេស ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ស្កាត់ និងការពារជំងឺឆ្លងដែលនាំចូលតាមអ្នកដំណើរជាយថាហេតុនៅក្នុងផ្នែកអ្នកដំណើរមកដល់ ដែលក្នុងនោះមានពីរទីតាំង៖

-ទីតាំងទី១៖ ទីតាំងស្កេនកំដៅអ្នកដំណើរមកដល់ មានបំពាក់ម៉ាស៊ីនស្កេនកំដៅចំនួន ៤គ្រឿង និងមាន រៀបចំ ២បន្ទប់សម្រាប់ពិនិត្យមើលម៉ាស៊ីនស្កេន និងសម្រាប់វិភាគរោគសញ្ញាអ្នកសង្ស័យ។ 

-ទីតាំងទី២៖ មាន ៥បន្ទប់ រួមមានបន្ទប់ពិគ្រោះជំងឺ បន្ទប់ដាក់ដាច់ដោយឡែក បន្ទប់ពិសោធន៍ បន្ទប់ប្រចាំការ បន្ទប់ដាក់សម្ភារៈ និងបន្ទប់ធ្វើការ និងសម្រាប់កិច្ចប្រជុំ។

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដឹកនាំដោយ ឯកឧត្តមអគ្គនាយកបច្ចេកទេស ត្រូវសហការជាមួយមន្ទីរពេទ្យជាតិ ក្នុងការបំពាក់បំប៉ន បច្ចេកទេសបន្ថែម ក្នុងករណីសង្រ្គោះបន្ទាន់ និងករណីបញ្ជូនឱ្យបានចប់សព្វគ្រប់ មុនពេលការដាក់សម្ភោធជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដ៏ធំមួយនេះ ។ 

ក្នុងការចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសុខាភិបាល តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង  តំណាងក្រុមហ៊ុនសាងសង់ CAIC និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13