ទីស្តីការក្រសួងពាណិជ្ជកម្ម៖ ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយមន្រ្តីជំនាញពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យលទ្ធភាពកម្ពុជាចូលរួមគំនិតផ្តួចផ្តើមរួម ស្តីពីបទប្បញ្ញត្តិក្នុងស្រុកពាក់ព័ន្ធនឹងសេវាកម្ម ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៤៣នាក់។
សូមបញ្ជាក់ផងដែរថា នៅក្នុងអំឡុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស កម្ពុជាទទួលបានការកោតសរសើរ ពីបណ្តាសមាជិកលើការអនុវត្តគោលនយោបាយពាណិជ្ជកម្ម។ទន្ទឹមនឹងនោះ សមាជិកមួយចំនួនក៏បានស្នើសុំកម្ពុជាពិចារណាចូលរួមកិច្ចព្រមព្រៀង (Plurilateral Agreements) និងគំនិតផ្តួចផ្តើមនានា ដែលក្នុងនោះរួមមានគំនិតផ្តួចផ្តើមរួម ស្តីពីបទប្បញ្ញត្តិក្នុងស្រុកពាក់ព័ន្ធនឹងសេវាកម្ម (SDR) ផងដែរ។ គំនិតផ្តួចផ្តើមរួមស្តីពី SDR នេះ ត្រូវបានបង្កើតឡើងដោយសមាជិក WTO មួយចំនួននៅឆ្នាំ២០១៧។