Cambodia
ព័ត៌មានលំអិត

Image
ពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសជប៉ុន និង ចិន ឆ្នាំសិក្សា២០២៥-២០២៦
ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសជប៉ុន និង ចិន ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន ១៥រូប ក្នុងនោះរួមមានថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់ជាអនុសាសន៍អំពីបទពិសោធន៍រៀនសូត្រ និងបទពិសោធន៍ដឹកនាំ ជូនដល់និស្សិតសម្រាប់ការសំលឹងអោយឃើញអនាគតរបស់គាត់កំឡុង និងក្រោយការសិក្សា។ ឯកឧត្តមសាស្ត្រាចារ្យ បានជូននូវចំណុចសំខាន់ៗមួយចំនួនឆ្លើយទៅនឹងសំណួរមួយចំនួន «តើធ្វើដូចម្ដេចឱ្យបុគ្គលម្នាក់ៗទទួលបានជោគជ័យក្នុងជីវិតការងារ?  តើអ្វីហៅថាភាពជាអ្នកដឹកនាំចេញពីបុគ្គលម្នាក់ៗ? តើត្រូវធ្វើខ្លះ ជាការជាក់ស្តែងដើម្បីក្លាយខ្លួនជាអ្នកពូកែ និងរក្សាភាពពូកែយូរអង្វែង?»។ ឯកឧត្តមសាស្ត្រាចារ្យ ក៍ផ្តាំផ្ញើរសូមរក្សារអផយបានខ្ជាប់ខ្ជួននូវទំនៀមទំលាប់ ប្រពៃណី វប្បធម៌ ដ៏ល្អនៃកម្ពុជា ដោយយកទភចែករំលែកជាមួយបណ្តាប្រទេសជាមិត្ត និងសូមចេះថែទាំសុខភាពខ្លួនឯង ទាំងផ្លូវកាយ និងផ្លូវចិត្តអោយបានកាន់តែប្រសើរជាប្រចាំ។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជូននូវវត្ថុអនុស្សាវរីយ៍របស់ក្រសួងសុខាភិបាលដល់និស្សិត រួមមានសៀវភៅសមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាល និងក្រមាប្រពៃណីដែលមានរូបទង់ជាតិកម្ពុជា។

សូមបញ្ជាក់ផងដែរថា ពិធីជួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមដោយ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល  អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13